ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរបស់សិង្ហបុរី Ikhsan Fandi សម្រេចបោះបង់ក្លិប Jerv ទើបតែឡើងលីគកំពូលប្រទេសន័រវែស ផ្ទេរទៅកាន់ក្លិប BG Pathum United ក្នុងលីគកំពូលប្រទេសថៃ វិញ ខណៈដែលពេលនេះរូបគេកំពុងតែជួយក្រុមជម្រើសជាតិខ្លួនទទួលធ្វើម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2020 ព្រមទាំងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លិប BG Pathum United នៅល្ងាចថ្ងៃពុធ សប្ដាហ៍នេះថាកីឡាករIkhsan Fandi នឹងពាក់អាវលេខ ៩៩ នៅក្លិបរបស់ខ្លួនព្រមទាំងបានលើកឡើងពីសមិទ្ធផលនានារបស់កីឡាករសិង្ហបុរីមួយនេះក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2020 ផងដែរ។
រូបគេជាកីឡាករទី២ របស់សិង្ហបុរី ដែលមានឈ្មោះចូលរួមប្រកបអាជីពនៅលីគកំពូលប្រទេសថៃ បន្ទាប់ពីបងប្រុសបង្កើតខ្លួន Irfan Fandi ក៏ជាសមាជិកក្រុម BG Pathum United ផងដែរ។
យុវជន Ikhsan ជាយុវជនថ្នាលរបស់សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី និងធ្លាប់ចូលរួមក្នុងក្រុមយុវជន Universidad Católica នៅប្រទេសឈីលី មុនត្រឡប់ទៅកាន់សិង្ហបុរី វិញនៅឆ្នាំ២០១៦ ដោយចូលរួមជាមួយក្រុម Home United ជាកីឡាករអាជីព និងបន្តផ្ទេរទៅកាន់ Young Lions FC នៅឆ្នាំបន្ទាប់។
នៅឆ្នាំ២០១៩ កីឡាកររូបនេះបានចុះកុងត្រាលេងឱ្យក្រុមលីគកំពូលប្រទេសន័រវែស Raufoss IL ហើយនៅផ្ទេរទៅកាន់ក្រុមលីគទី២ Jerv នៅឆ្នាំ២០២០ ស្របពេលដែលរូបគេក៏ជាផ្នែកមួយជួយឱ្យក្រុមថ្មីឡើងទៅកាន់លីគកំពូលប្រទេសន័រវេស នៅរដូវកាល២០២១-២២ ផងដែរ។
គិតត្រឹមពេលនេះកីឡាករ Ikhsan រកបានគ្រាប់បាល់៣គ្រាប់ឱ្យសិង្ហបុរី ក្នុងពានរង្វាន់ AF Suzuki Cup 2020 ក្រោយទាត់ចូលរួមមីយ៉ាន់ម៉ា ២គ្រាប់ក្នុងវគ្គចែកពូល និងទាត់ចូលឥណ្ឌូណេស៊ី ១គ្រាប់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១៕