ភ្នំពេញ៖ ផ្ទះមួយខ្នងថ្មក្រោមឈើលើប្រក់ស័ង្កសីត្រវបានអគ្គីភ័យឆាបឆេះខូចខាតទាំងស្រុងបង្កការភ្ញាក់ផ្អើលកើតឡើង។ ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងក្រុម២ ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះខាងលើមានឈ្មោះ មេត ផល្លា ភេទស្រី អាយុ៦១ឆ្នាំ មុខរបរកសិករ ស្នាក់នៅចំណុចកើតហេតុខាងលើ។

យោងតាមប្រភពព័តមាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានផ្សែងនិងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីបន្ទប់ជាន់ខាងលើ ភ្លាមៗនោះផងដែរក៏មានអ្នកភូមិបាននាំគ្នាយកទុយោទឹកជួយបាញ់ទប់ស្កាត់តែដោយសារតែស្ថានភាពភ្លើងឆាបឆេះខ្លាំងពេកពុំអាចទប់ទល់ស្ថានការណ៍បាន ទើបសមត្ថកិច្ចមូលដ្ឋានបានសុំរថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ទឹកទប់ស្កាត់កុំឲ្យរាលដាលដល់ផ្ទះអ្នកភូមិជាបន្តទៀត ដោយអគ្គីភ័យខាងលើនេះរលត់ទៅវិញជាស្ថាពរទាំងនៅវេលាម៉ោង១២និង១០នាទីរសៀលថ្ងៃដដែល។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដែលបង្កឲ្យមានគ្រោះអគ្គីភ័យខាងលើគឺបណ្តាលមកពីទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យឆាបឆេះក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះដែរគឺមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែរងការខូចខាតផ្ទះអស់មួយខ្នងទាំងស្រុងរួមនិងសម្ភារ:ក្នុងផ្ទះមួយចំនួនប៉ុណ្ណោះ៕

Share.