ទិដ្ឋភាពជាទូទៅ ដំណើរការប្រឡងបាក់ឌុបនាថ្ងៃ២៧ ធ្នូ ២០២១ នៅទូទាំងប្រទេស បានប្រព្រឹត្តិទៅដោយភាពរលូន ប្រកបដោយសន្តិសុខនិងសណ្តាប់ធ្នាប់ល្អ ដែលជាកត្តាចូលរួមផ្តល់ក្តីសង្ឃឹមជូនបេក្ខជនប្រឡងនិងគ្រប់ភាគីពាក់ព័ន្ធ។ នៅតាមមណ្ឌលប្រឡងទាំង២០៤មានដំណើរការល្អ ប្រកបដោយសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយ។ បេក្ខជនប្រឡង បានបានគោរពបទបញ្ញត្តិប្រឡង និងបានអនុវត្តវិធានការសុខភាព និងសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធ។ 

ដោយឡែក បេក្ខជនប្រឡងនៅតាមមណ្ឌលប្រឡងមួយចំនួនតូចមានបញ្ហាសុខភាពនៅក្នុងអំឡុងពេលដំណើរការសំណេរនាថ្ងៃនេះ។ 

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានឲ្យដឹងថា បញ្ហាសុខភាពរបស់បេក្ខជនរួមមានអាការៈវិលមុខ ខ្យល់គរ ក្អួត និងបានទទួលការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន។បេក្ខជនវិជ្ជមានកូវីដ-១៩ ជាកីឡាការិនីការ៉ាតេដូចំនួន០២នាក់មានស្ថានភាពសុខភាពធម្មតាក្នុងដំណើរការសំណេរថ្ងៃនេះ និងអាចបន្តការប្រឡងបន្តក្រោមការសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខភិបាល និងអាជ្ញាធរពាក់ព័ន្ធ។ 

ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងអំណរគុណចំពោះក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល, កងរាជអាវុធហត្ថ, អង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា, អគ្គីសនីកម្ពុជា, និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានផ្តល់នូវកិច្ចសហការជិតស្និទ្ធជាមួយគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡាសូមថ្លែងអំណរគុណដល់បេក្ខជនប្រឡងនិងមាតាបិតាដែលបានចូលរួមអនុវត្តនិងគាំទ្រ បទបញ្ញត្តិ វិធានការ និងយន្តការប្រឡងបាក់ឌុប។ 

សូមបេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាពនាថ្ងៃស្អែកទី២៨ ធ្នូ ២០២១ និងគ្រប់ដំណាក់កាលនៃការប្រឡងបាក់ឌុប ដើម្បីក្តីសង្ឃឹមរួម និងសុខសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។

Share.