យ៉ង់ហ្គូន៖ Paing Takhon តារាសម្ដែង តារាចម្រៀង និងជាតារាម៉ូដែលភូមា មានទោសត្រូវជាប់ពន្ធនាគារចំនួន៣ឆ្នាំ នេះបើតាមការឱ្យដឹងពីក្រុមការពារផ្នែកច្បាប់របស់តារារូបនេះបានចេញមកទម្លាយនៅថ្ងៃចន្ទទី ២៧ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ។
តារាសម្ដែងវ័យ២៥ឆ្នាំ ដែលមានប្រជាប្រិយភាពខ្លាំងទាំងក្នុងប្រទេសភូមា ថៃ និងកម្ពុជា បានចូលរួមសកម្មភាពប្រឆាំងយ៉ាងសកម្មបំផុតក្រោយរបបយោធាបានផ្ដួលរំលំនិងធ្វើរដ្ឋប្រហារដ៏ធំនៅក្នុងប្រទេសនេះលើបណ្ដាញសង្គម (Social Media)។
លោកត្រូវចាប់ខ្លួននៅផ្ទះម្ដាយលោកឯស្រុកកំណើតក្នុងក្រុង យ៉ង់ហ្គូន កាលពីខែមេសា នៅក្នុងយុទ្ធនាការដែលក្រុមយោធាភូមាតាមប្រម៉ាញ់តារាជាង១០០នាក់ ដែលគាំទ្រសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលយោធាភូមា នេះបើតាមការប្រាប់ពីប្អូនស្រីរបស់លោក។
សូមចុចអាន រញ្ជួយបណ្ដាញសង្គម! ក្រោយផ្ទុះដំណឹងដ៏សោកសៅរបស់ប្រុសស្អាតមីយ៉ាន់ម៉ា Paing Takhon
កាលពីថ្ងៃច័ន្ទ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ និងរងទារុណកម្មដោយប្រើកម្លាំងពលកម្មធ្ងន់ធ្ងរ នេះដោយយោងតាមការបញ្ជាក់ពីអ្នកប្រឹក្សាផ្នែកច្បាប់របស់លោក Khin Maung Myint ប្រាប់មកសារព័ត៌មាន AFP។ លោកបន្តទៀតថាពេលនេះក្រុមគ្រួសាររបស់តារារូបនេះកំពុងតែកើតទុក្ខយ៉ាងខ្លាំង ចំពោះរឿងដែលលោកត្រូវជាប់ពន្ធនាគារ និងកំពុងពិចារណាតើគួរប្ដឹងឧទ្ធរឬក៏អត់?
កាលពីខែកុម្ភៈ Paing Takhon ដែលជាបុគ្គលល្បីនិងមានមនុស្សជាង ១លាននាក់ Follow លោកនៅលើ Facebook និង Instagram បានបង្ហោះរូបខ្លួនព្រមជាមួយនឹងសំណេរថា «ជួយពួកខ្ញុំបញ្ឈប់ឧក្រិដ្ឋកម្មប្រឆាំងនឹងសិទ្ធិមនុស្ស»។
Paing Takhon មានកេរ្តិ៍ឈ្មោះល្បីទាំងនៅ ថៃ និងកម្ពុជា ដោយលោកថែមទាំងបានថតស្ពតពាណិជ្ជកម្ម ភាពយន្ត និងកម្មវិធីផ្សេងៗជាច្រើនផងដែរ។
បន្ទាប់ពីមានរដ្ឋប្រហារដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា រដ្ឋបាលយោធាប្រទេសនេះបានចេញសេចក្ដីប្រកាសបញ្ជីឈ្មោះតាមចាប់ខ្លួនតារាប្រមាណ១២០នាក់ ខណៈដែលតារារាប់សិបនាក់កំពុងស្ថិតក្នុងការរត់គេចខ្លួន។