អ្នក​លេង​គុន​ចម្រុះ​លេខ​១​កម្ពុជា​ប្រចាំ​ស្ថាប័ន ONE Championship កីឡាករ​ ចាន់ រតនា បាន​ទៅ​ដល់​ប្រទេស​បារាំង​ប្រហែល​ជា​ពីរ​សប្តាហ៍​កន្លង​ទៅ​ហើយ​​ដើម្បី​​ជួប​ប្រពន្ធ​ជា​ជន​ជាតិ​បារាំង និង​កូន​ស្រី​ជា​ទី​ស្រឡាញ់​ទាំង​ពីរ​រូប។ បន្ទាប់​ពី​ទៅ​ដល់​ទឹក​ដី​បារាំង​ភ្លាម អតីត​កីឡាករ​គុន​ខ្មែរ​រូប​នេះ​​មិន​បាន​​នៅស្ងាត់​​ស្ងៀម​ជា​មួយ​ប្រពន្ធ និងកូន​ទេ ប៉ុន្តែ​រូប​គេ​​បាន​ចេញ​ទៅ​កន្លែង​​ធ្វើ​ឲ្យ​ខ្លួន​ឈឺ​ចាប់ និង​ហត់​នឿយ​ភ្លាម​ៗ​តែ​ម្តង។

ចាន់ រតនា បាន​ទៅ​កន្លែង​ហ្វឹក​ហាត់​ប្រដាល់​មួយ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ឪពុក​ម្តាយ​ក្មេក និង​ប្រពន្ធ​កូន។ ជា​ពិសេស​ទៀត​នោះ អ្នក​លេង​គុន​ចម្រុះ​រូប​នេះ​បាន​ណែនាំ​ខ្លួន​ជា​កីឡាករ​ប្រដាល់​គុន​ចម្រុះ​អាជីព​នៅ​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ក្នុង​លោកគឺ ONE Championship ហើយ​ក៏​ទទួល​បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​​ក្រុម​គ្រូ​បង្វឹក និង​កីឡាករ កីឡាការិនី​ដែល​ហ្វឹក​ហាត់​នៅ​ទី​នោះ​ដែល​ពួក​កេ​ក៏​ស្គាល់​ស្ថាប័ន​ប្រដាល់​មួយ​នេះ​ដែរ។

«ខ្ញុំ​បានទៅ​ជួប​​ប្រពន្ធ​កូន​​របស់​ខ្ញុំ​នៅ​ប្រទេស​បារាំង​ប្រហែល​ជា​ពីរ​សប្តាហ៍​កន្លង​​ហើយ។ ​នៅ​ទី​នេះមិន​ឆ្ងាយ​ពី​ផ្ទះ​ឪពុក​ម្តាយ​ក្មេក​ខ្ញុំ​មាន​ក្លឹប​ហាត់​កីឡា​សាំប៊ូ និង​គុន​ចម្រុះ​មួយ»។ នេះ​ជា​សំដី​របស់​ ចាន់ រតនា បាន​រៀបរាប់​ពេល​រូប​គេ​ទៅ​ដល់​ប្រទេស​បារាំង បន្ទាប់​ពី​ប្រពន្ធ​ និង​កូន​បាន​ទៅ​ដល់​ទី​នោះ​មុន​ជា​ច្រើន​ខែ។

អ្នក​លេង​គុន​ចម្រុះ​អាយុ​៣៥​ឆ្នាំ​បាន​ឲ្យ​ដឹង​ទៀត​ថា ៖«ខ្ញុំ​បាន​ណែនាំ​ខ្លួន និង​ប្រាប់​​ពី​ស្ថាប័ន​​ប្រដាល់​ ONE Championship ហើយ​ពួក​គេ​ទទួល​ស្វាគមន៍​ខ្ញុំ​ឲ្យ​ចូល​ហ្វឹក​ហាត់​ណាស់»។ ការ​ហ្វឹក​ហាត់​នៅ​ទី​នោះ ចាន់ រតនា មិន​ទាន់​ច្បាស់​ទេ​ថា​អាច​នឹង​មាន​ឱកាស​ចេញ​ប្រកួត​នៅ​តំបន់​អឺរ៉ុប ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​ក្រុម​គ្រូ​បង្វឹក​នៅ​ទី​នោះ​ក៏​ជា​អ្នក​ផ្គូផ្គង​​កីឡាករ​ កីឡាការិនី​ឡើង​ប្រកួត​នៅ​តាម​សង្វៀន​ផ្សេង​ៗ​ដែរ។

រតនា និយាយ​ថា ៖«បាន​ចេញ​ប្រកួត​ឬ​អត់​មិន​ទាន់​ប្រាកដ​ទេ តែ​គ្រូ​បង្វឹក​នៅ​ក្លឹប​ហ្នឹង គេ​ដឹក​នាំ​កីឡាករ​ទៅ​ប្រកួត​នៅ​សង្វៀន​ផ្សេង​ៗ​ដែរ​នៅ​អឺរ៉ុប» ប៉ុន្តែ​អ្វី​អាច​ប្រាកដ​ប្រជា​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​​អាច​នឹង​មាន​ការងារ​ធ្វើ​នៅ​ក្លឹប​នោះ​សម្រាប់​ឆ្នាំ​ថ្មី​ខាង​មុខ។

ចាន់ រតនា បញ្ជាក់​ថា ៖«នៅ​ក្លឹប​ហ្នឹង អត់​មាន​អ្នក​បង្ហាត់​កូន​ខ្មែរ​ទេ ឬ​សូម្បី​មួយ​ថៃ​ក៏​អត់​ដែរ។ ពេល​ខ្ញុំ​ជួប​ពិភាក្សា​ជា​មួយ​ក្លឹប ខ្ញុំ​ប្រហែល​ជា​អាច​​​ធ្វើ​ជា​គ្រូ​បង្ហាត់​គុន​ខ្មែរ​នៅ​ក្លឹប​នោះ។ ផែន​ការ​នេះ​អាច​ជា​ការ​ងារ​សម្រាប់​ខ្ញុំ​២០២២​របស់​ខ្ញុំ»។

ដោយ​ឡែក​សម្រាប់​ឱកាស​វិល​មក​ឡើង​សង្វៀន​ ONE Championship ត្រូវ​បាន​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា មិន​ទាន់​ច្បាស់​ទេ ពី​ព្រោះ​គម្រោងការ​ស្នាក់​នៅ​ប្រទេស​បារាំង​យូរ​កម្រិត​ណា​ឬ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ក៏​មិន​ទាន់​ប្រាកដ​ដែរ ប៉ុន្តែ​រូប​គេ​នៅ​តែ​មាន​មហិច្ឆតា​ឡើង​ប្រកួត​នៅ​សង្វៀន​លំបំផុត​របស់​អាស៊ី​មួយ​នេះ​ដដែរ៕

Telegram-Troryorng
Share.