បើទោះ​ជា​មិន​ទាន់​មាន​​ការ​ប្រកាស​ផ្លូវការ​ណាមួយ​ពី​ក្រុមហ៊ុន​លីគ​បាល់ទាត់​កម្ពុជា ក៏​ពិត​មែន ​ប៉ុន្ដែ​​ដំណឹង​ក្រៅ​ផ្លូវការ​ថា​មាន​​ក្រុម​មួយ​ចំនួន​ ត្រូវ​កាត់​ចេញ​ពី​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ទៅ​កាន់​លីគ​កម្រិត​ទី២ សម្រាប់​រដូវកាល​ឆ្នាំ​២០២២ ខាង​មុខ រហូត​ដល់​គ្រូ​បង្វឹក​ចំនួន​២​បាន​ចេញ​មុខ​ប្រតិកម្ម​ជុំ​វិញ​បញ្ហា​នេះ។

តាម​ផែនការ​សេចក្ដី​ប្រកាស​ព័ត៌មាន​ពិស្ដារ​​​ជុំ​វិញ​ការ​ប្រកួត​លីគ​​កម្ពុជា​រដូវកាល​ឆ្នាំ​២០២២ គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ ថ្មីៗ ប៉ុន្តែ​ត្រូវ​បាន​លើក​ពេល​វិញ ដោយ​មិន​​ទាន់​កំណត់​កាល​បរិច្ឆេទ​ច្បាស់​នៅ​ឡើយ។

ទោះ​ជា​មិន​មាន​ដំណឹង​ក្រៅ​ផ្លូវការ​បែប​ណា​ក៏​ដោយ តែ​បែរ​មាន​ការ​ប្រតិកម្ម​​ពី​សំណាក់​គ្រូ​បង្វឹក​២​រូប ដោយ​ក្នុង​នោះ​មាន​លោក ហុក សុជីវ័ន្ត គ្រូ​បង្វឹក​របស់​ក្រុម​ខេត្ត​កោះកុង សមាជិក​លីគ​ទី២ និង​លោក សុក វាសនា គ្រូ​បង្វឹក​របស់​ក្រុម​អាស៊ីអឺរ៉ុបយូណាយធីត​។

លោក ហុក សុជីវ័ន្ត បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​របស់​លោក​ថា៖«ជា​ការ​ពិត​ ហើយ​វា​ពិត​ជា​ពិបាក​បំផុត​ក្នុង​ការ​សម្រេច​ចិត្ត​ក្នុង​ការ​កាត់​ក្រុម​ដែល​លេង​ក្នុង​លីគ​កំពូល​ឣោយ​មក​លេង​ក្នុង​លីគ​២​ គួរ​ទុក​ពេល​អោយ​ក្រុម​រៀប​ចំ​ខ្លួន​អោយ​បាន​តាម​ស្តង់ដារ​ទៅ​តាម​ពេល​កំណត់​ណាមួយ​ជាក់លាក់»។

ងាក​ទៅ​លោក សុក វាសនា វិញ​បាន​បញ្ជាក់​​វិញ​​ថា៖«ខ្ញុំ​បាទ​លើក​យក​លីគ​កំពូល ២ក្នុង​តំបន់ Asians មក​ពិចារណា​គឺ៖
1) លីគ​កំពូល​ថៃ ក្រុម​ចូលរួម១៦ ក្លិប មាន​ Licensed ១១ ក្លិប
2) លីគ​កំពូលVN (វៀតណាម) ក្រុម​ចូលរួម១៤ ក្លិប​ មាន Licensed ១១ ក្លិប
3) លីគ​ខ្មែរ​មាន12ក្រុម ក្លិប​មានLicensed 8 ត្រៀម​កាត់​៤ ​ក្រុម​ទៅ​លីគ២ ដោយ​គ្មាន​ការ​ប្រជុំ​ប្រាប់​នៅ​រដូវកាល​ចាស់​2021។ លីគ​គេ​អាច​ធ្វើ​បាន​ហេតុអ្វី​កម្ពុជា ខាង​សហព័ន្ធ​និង​ក្រុមហ៊ុន​មិន​គិត​ពិចារណា​ថា​និង​ប៉ះពាល់​អ្វីខ្លះ​ដែល​ក្លិប​និមួយៗ​ប្រឹង​ទាំង​ត្រដាបត្រដួស​បរិបទ​កូវីត-១៩ នេះ​ដោយ​មិន​លើក​លែង​នោះ»។

អ្វីៗ​សុទ្ធ​​តែ​​រង់ចាំ​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្លូវការ​ពី​ក្រុមហ៊ុន​លីគ​​កម្ពុជា​ថ្មី ឬ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ក្នុង​ពេល​ខាង​មុខ ខណៈ​ភាគី​ពាក់ព័ន្ធ​សុទ្ធ​តែ​ត្រូវការ​ចម្លើយ​​ដើម្បី​ត្រៀម​ខ្លួន​ជា​ពិសេស កូតា​កីឡាករ​បរទេស កាលបរិច្ឆេទ​ប្រកួត ចំនួន​ក្រុម​ដែល​ត្រូវ​ចូល​ប្រកួត ការ​ផ្សាយផ្ទាល់ ប្ដូរឈ្មោះថ្មី ឬ រក្សា​ឈ្មោះ​ចាស់​ដដែល? ជាដើម៕

Telegram-Troryorng
Share.