ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានប្ដេជ្ញាធ្វើឲ្យសាកលវិទ្យាល័យរបស់ខ្លួន ក្លាយជាសាកលវិទ្យាល័យបៃតងគំរូ ដើម្បីបណ្ដុះគំនិតនិស្សិត ជំនាន់ក្រោយឲ្យស្រឡាញ់បរិស្ថាន។

ការលើកឡើងខាងលើនេះ ធ្វើឡើងនៅអំឡុងពេល សាកលវិទ្យាល័យបាត់ដំបង បានទទួលបណ្ណសរសើរមេត្រីភាពបរិស្ថាន ដែលប្រគល់ជូនដោយ អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង និងមន្ត្រីបច្ចេកទេសតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅបន្ទប់ប្រជុំបាណន់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីថ្ងៃទី៣០ ខែធ្នូ ២០២១។

កឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង

ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើការសំណេះសំណាល​ និងស្វាគមន៍ដល់ប្រតិភូមន្ទីរបរិស្ថានខេត្តបាត់ដំបង សម្រាប់ការយកចិត្តទុកដាក់ក្នុងការវាយតម្លៃយ៉ាងម៉ត់ចត់ទៅលើបរិស្ថាននៃសាកលវិទ្យាល័យជាតិបាត់ដំបង។  

ឯកឧត្តមសាកលវិទ្យាធិការក៏បានរំលឹកដឹងគុណដល់យ៉ាងខ្ពង់ខ្ពស់ដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបងដែលបានផ្តល់នូវការទុកចិត្តចំពោះរូបលោកដើម្បីចូលរួមក្នុងការអភិវឌ្ឍសាកលវិទ្យាល័យមួយនេះទៅរកភាពល្បីរន្ទឺ។

លោកមានប្រសាសន៍ថា ការអភិវឌ្ឍត្រូវធ្វើជាជំហ៊ាន និងតាមផែនការ លោកបានបញ្ជាក់ទៀតថាការរៀនរស់នៅជាមួយបរិស្ថាន នាំឱ្យមានសេចក្តីសុខផ្លូវចិត្ត និងសុភមង្គល។ លោកសន្យាថានឹងបន្តអភិវឌ្ឍសាកលវិទ្យាល័យឱ្យក្លាយជាសាកលវិទ្យាល័យបៃតងគម្រូ ដើម្បីបណ្តុះគំនិតនិស្សិតជំនាន់ក្រោយឱ្យស្រលាញ់បរិស្ថាន។

ក្នុងឱកាសនោះផងដែរ តាងនាមមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក អ៊ៀ គឹមឆេង អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង និងមន្ត្រីបច្ចេកទេសតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាននាំយកបណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់សាកលវិទ្យាល័យជាតិបាត់ដំបង។ ឆ្លៀតក្នុងឱកាសនេះផងដែរលោកបានកោតសរសើរដល់សាកលវិទ្យាល័យជាតិបាត់ដំបងដែលមិនត្រឹមតែ​បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការកែលម្អនិងការអភិវឌ្ឍកម្មវិធីអប់រំថ្មី ការផ្ដល់សេវានិស្សិត ការងារកសាង ជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងធនធានសិក្សា​ កិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ គម្រោងស្រាវជ្រាវនិងការវិនិយោគ ការងារធានាគុណភាពអប់រំផ្ទៃក្នុងនោះទេ តែថែមទាំងបានគិតគូជាពិសេសដល់ការរស់នៅជាមួយបរិស្ថាន​ និង បណ្តុះគំនិតនិស្សិតជំនាន់ក្រោយឱ្យស្រលាញ់បរិស្ថាន។ លោកបានបន្តស្ញើចសរសើអំពីការផ្លាស់ប្តូរមុខមាត់ថ្មីរបស់សាកលវិទ្យាល័យជាតិបាត់ដំបង រហូតក្លាយជាសាកលវិទ្យាល័យតែមួយដំបូងគេដែលទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាននេះ។ លោកបញ្ជាក់បន្ថែមផងដែរថា ការវាយតម្លៃគុណវុឌ្ឍិ និង​ការផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់រូបវន្តបុគ្គល និងនីតិបុគ្គលប្រតិបត្តិមេត្រីភាពបរិស្ថាន ដូច​ខាង​ក្រោម៖

-មន្ទីរបរិស្ថានរាជធានី ខេត្ត ត្រូវបង្កើតក្រុមការងារវាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីភាព​បរិស្ថាន ដែលមានសមាសភាព អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យចំណេះដឹង និង​ព័ត៌មាន បរិស្ថាន ថ្នាក់ដឹកនាំគ្រប់ការិយាល័យ និងមន្ត្រីជំនាញចំណុះមន្ទីរ តាមការ​ចាំបាច់

-ការវាយតម្លៃគុណវុឌ្ឍិរូបវន្តបុគ្គល និងនីតិបុគ្គល ដែលបានអនុវត្ត​សកម្មភាព មេត្រីភាពបរិស្ថានឆ្នើម ដោយផ្អែកលើតារាងវាយតម្លៃគុណវុឌ្ឍិរូបវន្តបុគ្គល និងនីតិបុគ្គល មេត្រីភាពបរិស្ថាន។ ប្រតិបត្តិករ ត្រូវ​បានធ្វើ​ឡើង​ដោយមានការទទួលខុសត្រូវខ្ពស់ មានសុក្រឹត្យភាព តម្លាភាព និងគណនេយ្យភាព។

-មន្ទីរបរិស្ថានរាជធានី ខេត្ត ត្រូវរៀបចំសំណើសុំផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាន មក​ក្រសួង​បរិស្ថាន ជារៀងរាល់ត្រីមាស។

-នាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត ត្រូវសម្របសម្រួល និងផ្តល់ការណែនាំក្នុងដំណើរ​ការ​វាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីភាពបរិស្ថាន។

-នាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត ត្រូវពិនិត្យផ្ទៀងផ្ទាត់លទ្ធផលនៃការវាយតម្លៃគុណវុឌ្ឍិ របស់មន្ទីរបរិស្ថានរាជធានី ខេត្ត ដើម្បីរៀបចំផលិតបណ្ណសរសើរមេត្រីភាពបរិស្ថាន​របស់​​ក្រសួង​បរិស្ថាន។

-មន្ទីរបរិស្ថានរាជធានី ខេត្ត ត្រូវចុះផ្ទាល់ ឬរៀបចំកម្មវិធី ផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ជូនដល់រូបវន្តបុគ្គល និងនីតិបុគ្គលប្រតិបត្តិមេត្រីភាពបរិស្ថាន ដែលបានជ្រើសរើស៕

Share.