កំពង់ធំ ៖ រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងបើកបោះពួយជ្រុលទៅបុកក្បាលស្ពាន បណ្តាលឲ្យគាបស្លាប់អ្នកបើកបរ នៅចំណុចក្បាលស្ពាន ភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២។

ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ ឈ្មោះ ជា លីន ភេទប្រុស មុខរបរបើកបររថយន្តដឹកឈើ រស់នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-4008 ដឹកសុទ្ធតែឈើ យកក្រណាត់បិទបាំង បើកចេញពីខេត្តព្រះវិហារឆ្ពោះទៅខេត្តកំពង់ធំ លុះដល់ចំណុចកើតហេតុ រេចង្កូតទៅបុកក្បាលស្ពាន បណ្តាលឲ្យគាបស្លាប់អ្នកបើកបរ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯឈើដែលពិនិត្យឃើញថាអត់ច្បាប់ បានប្រគល់ឲ្យរដ្ឋបាលព្រៃឈើយកទៅរក្សាទុក ចំណែករថយន្តសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Share.