ថ្វីត្បិតតែជ្រកក្រោមទ្រនំផលិតកម្មផ្សេងគ្នាក៏ពិតមែន តែតារាចម្រៀងស្រី មាស សុខសោភា បានមកចាប់ដៃគូច្រៀងជាមួយលោក ព្រាប សុវត្ថិ តាមរយៈកម្មវិធីប្រគំតន្ត្រីមួយសម្រាប់អបអរសាទរកម្មវិធីសប្បាយរីករាយឆ្លងឆ្នាំសកល២០២២។ មានហ្វេនអ្នកគាំទ្រជាច្រើននាក់ ស្រឡាញ់ពេញចិត្តការសម្ដែង ច្រៀង និងរាំរបស់តារាចម្រៀងទាំងពីរដួងនេះ ហើយបានពោលសរសើរថា ពិតជាស័ក្ដសមជាកំពូលតារាចម្រៀងពិតមែន។

កំពូលតារាចម្រៀង មាស សុខសោភា បានចុះកុងត្រាជាមួយផលិតកម្មរាមតាំងពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មកម្លេះ និងមានងារជា រាជិនីសំឡេងធម្មជាតិ។ រីឯកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចាកចេញពីហង្សមាស ហើយចុះកុងត្រាជាមួយផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០។

លោក ព្រាប សុវត្ថិ និង មាស សុខសោភា

គិតមកទល់ពេលនេះ មាស សុខសោភា បានជ្រកក្រោមផលិតកម្មរាមជិតមួយឆ្នាំហើយ និងបានចាប់ដៃគូជាមួយតារាចម្រៀងប្រុសដែលមានវ័យក្មេងជាងខ្លួនដល់ទៅ៨ឆ្នាំ គឺលោក ដួង វិរៈសិទ្ធ។ ក៏ប៉ុន្ដែគេសង្កេតឃើញថា សន្ទុះនៃប្រជាប្រិយភាពដៃគូចម្រៀងនៅមានកម្រិតនៅឡើយ មិនទាន់ទាក់ចិត្តមហាជនបានច្រើននោះទេ បើធៀបជាមួយដៃគូចម្រៀងចាស់ដូចជា លោក ខេម ។ កំពូលតារាចម្រៀងស្រីរូបនេះ ធ្លាប់បានអះអាងថា អ្នកនាងទុកចិត្តចំពោះស្នាដៃរបស់លោក ដួង វិរៈសិទ្ធ ដែលអាចផលិតបទចម្រៀងទាក់ចិត្តយុវវ័យដែលស្នាដៃនិពន្ធថ្មី។ តែយ៉ាងណាមិញ ពេញមួយឆ្នាំនៃឆ្នាំ២០២១នេះ គេនៅមិនទាន់រកឃើញតារាចម្រៀងស្រីណា ដែលអាចវ៉ាដាច់អ្នកនាង មាស សុខសោភា ចំពោះបទមនោសញ្ចេតនាបានឡើយ។ ឆ្នាំ២០២២នេះ អ្នកនាងក៏ត្រៀមអ្វីដែលថ្មីប្លែកដើម្បីបំបុកទីផ្សារចម្រៀងផងដែរ។

ងាកមកចាប់អារម្មណ៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ ​នៅផលិតកម្មកាឡាក់ស៊ីវិញ គេសម្គាល់ឃើញថា នៅតែមានបទចម្រៀងមួយៗ ដែលលោកអាចទាញយកប្រជាប្រិយភាពឱ្យបានច្រើនជាងផលិតកម្មចាស់។ នៅកាឡាក់ស៊ី លោក ព្រាប សុវត្ថិ បានចាប់ដៃគូជាមួយតារាចម្រៀងស្រីវ័យក្មេង តន់ ចាន់សីម៉ា មានប្រហែលជាជិត ២០បទ មានអ្នកគាំទ្រច្រើនគួរសម។ ប៉ុន្តែដល់អំឡុងខែតុលា ឆ្នាំ២០២១ និងដើមឆ្នាំ២០២២នេះ លោក​ ព្រាប សុវត្ថិ បែរជាស្ងប់ស្ងាត់ចេញបទចម្រៀងវិញ ដោយខាងផលិតកម្មបញ្ចេញតែបទរបស់តួស្រីច្រើនជាងប៉ុណ្ណោះ។

រហូតដល់ថ្ងៃឆ្លងឆ្នាំសកល២០២២នេះ លោក ព្រាប សុវត្ថិ ​ បានឡើងឆាកតន្ត្រីជាមួយអ្នកនាង មាស សុខសោភា ច្រៀងចម្រៀងបទ «ខោចែវថ្នេរប្រាំ» បានរាំច្រៀងយ៉ាងសប្បាយរីករាយប្រៀបដូចជាកំពូលតារាចម្រៀងប្រុសប៉ះកំពូលតារាចម្រៀងស្រី រហូតធ្វើឱ្យហ្វេនពេញជាខ្លាំង។ អ្នកនាង មាស សុខសោភា បានលើកឡើងថា ខ្លួនពេញចិត្តខ្លាំង និងរំភើបពេលបានច្រៀងជាមួយកំពូលតារាចម្រៀង និងជារៀមច្បងដូចលោក ព្រាប សុវត្ថិ។ លោក ព្រាប សុវត្ថិ វិញក៏អះអាងថា អាយុមិនជាបញ្ហាទេ តែសុខភាពល្អជារឿងសំខាន់ នៅពេលដែលច្រៀងជាមួយ មាស សុខសោភា គឺលោកអរគុណចំពោះទឹកចិត្តស្រឡាញ់របស់អ្នកនាង។

បើតាមអ្នកជំនាញសិល្បៈមើលឃើញថា កំពូលតារាចម្រៀង មាស សុខសោភា និងកំពូលតារាចម្រៀង ព្រាប សុវត្ថិ ប្រសិនបើបានជ្រកក្នុងផលិតកម្មតែមួយមែននោះ ប្រាកដណាស់គ្មានតារាណាអាចប្រជែងជាមួយអ្នកទាំងពីរ​។ អ្នកគាំទ្រជឿជាក់ថា តារាចម្រៀងទាំងពីរដួងនេះមានទឹកដមសំឡេងអាចបត់បែនបានច្រើនទម្រង់ មិនថាជាបទចម្រៀង ញាក់ ឬមនោសញ្ចេតនា គឺសុទ្ធតែធ្វើបានល្អឥតខ្ចោះដូចគ្នា ពិតជាសមនឹងទទួលបានឈ្មោះជាកំពូលតារាចម្រៀងលំដាប់ប្រទេស៕

ទស្សនាវីដេអូនេះ៖

Telegram-Troryorng
Share.