ច្រៀង ហោះហើរ និងសំកាំង – ដូចសត្វស្លាប! គឺជាប្រធានបទនៃទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោកនៅឆ្នាំ ២០២១នេះ។
ទិវានេះ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅជុំវិញពិភពលោក ប្រទេសកម្ពុជាបានជ្រើសរើសយកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីប្រារព្ធទិវានេះ ក្នុងគោល បំណងអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពី ការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និង ទីជម្រករបស់ពួកវា។
យោងតាក្រសួងបរិស្ថាន សត្វស្លាបទេសន្តរប្រវេសន៍ គឺជាប្រភេទសត្វស្លាប ដែលធ្វើការផ្លាស់ទីជារៀងរាល់ឆ្នាំទៅតាមផ្លូវហោះ ហើររបស់ពួកវា ពីរដងក្នុងមួយឆ្នាំ ពីតំបន់ពងកូន ទៅតំបន់សំចត ឬតំបន់ស្វែងរកចំណី ដែលឆ្លងកាត់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ ដូចនេះ ការងារអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ គឺទាមទារឱ្យមានការចូលរួម និងសហការពីបណ្តាប្រទេសនានា ដែលស្ថិតនៅផ្លូវហោះហើររបស់ពួកវា។
ផ្លូវហោះហើរសត្វស្លាប គឺជាពាក្យដែលប្រើសម្រាប់បង្ហាញពីតំបន់ភូមិសាស្ត្រមួយដែល សត្វស្លាបជាច្រើនធ្វើការផ្លាស់ទីពីជម្រក ពងកូន ទីសំចត និងទីតាំងស្វែករកចំណីក្នុងរដូវកាលជាក់លាក់មួយជាប្រចាំឆ្នាំ។

បច្ចុប្បន្ននៅលើពិភពលោកមានផ្លូវហោះហើរសត្វសា្លបចំនួនប្រាំបួន ហើយប្រទេសកម្ពុជាមានទីតាំងស្ថិតនៅក្នុងផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី និងបានចូលជាសមាជិកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ចាប់តាំងពីឆ្នាំ២០០៧ ដោយមានក្រសួងបរិស្ថានជាសេនាធិការ។
ក្នុងឆ្នាំ២០១៩ តំបន់ការពារទេសភាពអន្លង់ព្រីង ត្រូវបានទទួលស្គាល់ជាតំបន់ នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី ដោយលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូរផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី៕

