ភ្នំពេញ ៖ ស្ត្រីម្នាក់មានផ្ទៃពោះជិតគ្រប់ខែទៅហើយ រួមដំណើរជាមួយក្រុមគ្រួសារ ឪពុកម្តាយ សងខាង លើកគ្នាទៅដល់ផ្ទះជួលមួយកន្លែង ក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីទទួលដំណឹងថា បុរសជាប្តីលួចបង្កាត់ភ្លើង ស្នេហ៍ថ្មី ជាមួយស្រី ផ្សេង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចមូលដ្ឋានចុះទៅដល់ ភាគីខាងប្តី និងស្រីថ្មី រត់ចែកជើងគ្នា គេចទៅបាត់ ធ្វើឲ្យក្រុមគ្រួសារហួសចិត្តគ្រប់គ្នា ។

តាមភាគីខាងប្រពន្ធដើម សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា គាត់មានអាយុ២៤ឆ្នាំ មាន ផ្ទៃពោះ៨ខែហើយ។ ចំណែកប្តី មានអាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត  បានរៀបការនឹងគ្នាជាង១ឆ្នាំទៅហើយ។ ខណៈដែល ប្រពន្ធកំពុងមានផ្ទៃពោះជិតដល់ថ្ងៃសម្រាលទៅហើយ ស្រាប់តែភាគីខាងប្តី លួចបង្កាត់ ភ្លើងស្នេហ៍ថ្មី ជាមួយស្រ្តីម៉េម៉ាយម្នាក់ នាំទៅសំងំដេកសោយសុខ នៅបន្ទប់ជួលជាន់ទី១ ក្នុងបុរីសែមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។

លុះពេលបែកការដឹងដល់ក្រុមគ្រួសារ ក៏នាំលើកគ្នាទៅតាមសាកសួរ។ ពេលទៅដល់ ភាគីខាងប្តី និងស្រីថ្មី បានរត់ចែកជើងគ្នាគេចទៅបាត់ ធ្វើឲ្យស្ត្រីជាប្រពន្ធ និងក្រុមគ្រួសារ ហួសចិត្ត បានត្រឹមបង្ហាញរូបថត ស្ត្រីដែលជារបស់ប្តី ទៅសមត្ថកិច្ចមើល ។

សមត្ថកិច្ចបានណែនាំដល់ឪពុកម្តាយ ក្រុមគ្រួសារ ធ្វើយ៉ាងណាព្យាយាមទំនាក់ទំនងហៅ បុរសជាប្តី ទៅនិយាយគ្នាដោះស្រាយដោយសន្តិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.