ឆ្នាំ២០២១បាន​កន្លងទៅ ដូចជា​នាំនូវ​រឿងរ៉ាវ​មិនល្អ និង​គ្រោះអាក្រក់​ឱ្យ​រសាត់​ផុត​ទៅតាម។ ចូលមក​ដើមឆ្នាំ២០២២នេះ ម្នាក់ៗហាក់​មានសង្ឃឹម​ជាថ្មី ទំនងជា​មាន​ទឹកមាត់​លេប​ឡើងវិញ។ ជាក់ស្ដែង​ដូចជា​តារា​ស្រី២ដួង​នេះ ម្នាក់​ជា​តារាចម្រៀង និង​ម្នាក់ទៀត​ជា​ពិធី​ការិនី នោះ​គឺ អ្នកនាង ឱក សុគន្ធកញ្ញា និង​អ្នកនាង ចាន់ កែវ​និមល ដែលថ្មីៗនេះ អ្នក​ទាំងពីរ​ក្ដាប់បាន​តំណែង​ធំ​នៅក្នុង​ដៃតែម្ដង ដោយ​ក្លាយជា​អ្នក​តំណាងឱ្យ​ក្រុមហ៊ុន និង​ផលិតផលធំប្រចាំប្រទេស។ បើទោះបីជា​មិនមាន​ការទម្លាយ​អំពី​តម្លៃ​ខ្លួន​របស់​អ្នក​ទាំងពីរ​ក៏ដោយ ក៏ប៉ុន្ដែ​គេ​អាច​ប៉ាន់ស្មាន​ដឹងថា មិនតិចជាង​ខ្ទង់ម៉ឺនៗដុល្លារ​នោះទេ។

កាលពី​ថ្ងៃទី ៦ ខែមករា ឆ្នាំ២០២២នេះ គេ​បានឃើញ​តារាចម្រៀង​ស្រី ឱក សុគន្ធកញ្ញា បង្ហាញ​ភាព​ស្និទ្ធ​ស្នាល កៀក​ដៃ ឱបស្អិត ជាមួយ​ថៅកែ​ស្រី​ឃូ​ស៊ី និង​ផលិត​កម្មរាម គឺ​អ្នកនាង ស្រីអូន ដោយ​អ្នក​ទាំង​ពីរបាន​ចុះ​កុងត្រា​ជាមួយគ្នា​រយៈពេល​មួយឆ្នាំ​ពេញ​តែម្ដង។ ក្រុមហ៊ុន​ផលិត​អាហារ​បំប៉ន​មួយ​នេះ បាន​ជ្រើស​យក​តារាចម្រៀង​ស្រី ឱក សុគន្ធកញ្ញា ធ្វើជា​អ្នកតំណាង ទាំង​ដែល​កន្លងមក​គេ​ដឹងថា​តារាចម្រៀង​ស្រី​រូបនេះ មានតម្លៃ​ខ្លួន​ថ្លៃ​ដាច់​គេ​ក្នុងចំណោម​តារា​ស្រី​ដទៃទៀត​ក្នុង​ចង្កោម​សិល្បៈ។

ការ​ក្ដាប់​តំណែង​ធំ​មួយ​នេះ ហ្វេ​ន​របស់​អ្នកនាង ឱក សុគន្ធកញ្ញា មិនបាន​គិតថា អ្នកនាង​នឹង​ដើរ​ចេញពី​ហង្ស​មាស មកកាន់​រាម​នោះទេ តែ​បែរជា​នឹក​សរសើរ​ថៅកែ​រាម​ទៅវិញ ដែល​អាច​ទាញយក​រាជិនី​របស់​ហ​ង្ស​មាស មក​ធ្វើការ​ជាមួយ​បាន និង​ក្លាយជា​ផ្សព្វផ្សាយ​ផលិតផល​ឱ្យ​ថៅកែ​រាម​បាន​ទៀតផង។

ងាក​មក​មើល​អ្នកនាង ចាន់ កែវ​និមល ដែលជា​ពិធី​ការិនី​ល្បីឈ្មោះ និង​ធ្លាប់​កាន់​កម្មវិធី​លំដាប់​ពិភពលោក​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ហង្ស​មាស​នោះ នៅ​ព្រឹក​ថ្ងៃទី ១០ ខែ​កម​រា ឆ្នាំ២០២២នេះ អ្នកនាង​ក៏បាន​ក្លាយជា​តំណាងឱ្យ​ធនាគារ​ធំ​មួយ​ក្នុងស្រុក​ផងដែរ។ ក្រៅពី​ពូកែ​វោហារ​សព្ទ​នៅលើ​ឆាក​កម្មវិធី​ហើយ​នោះ អ្នកនាង ចាន់ កែវ​និមល ក៏មាន​រូប​សម្រស់​ស្អាត និង​បាន​កម្ពស់ មិន​ចាញ់​តារា​ម៉ូ​ដែល​ប៉ុន្មាន​ទេ។ អ្នកនាង កែវ​និមល មិន​ត្រឹមតែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នកនាង​មាន​អាជីព​មួយ​គួរឱ្យកត់សម្គាល់ និង​ទទួលបាន​ការគោរព​នៅ​ក្នុង​អាជីព​ជា​ពិធីការនី ។

Telegram-Troryorng
Share.