អតីតខ្សែបម្រើរបស់ក្រុមបិសាចក្រហម Man United កីឡាករសញ្ជាតិជប៉ុន Shinji Kagawa យល់ព្រមចូលរួមជាមួយក្រុម Sint-Truiden​ ដែលស្ថិតនៅលីគកំពូលបែលហ្ស៊ិក Belgian First Division A។

Shinji Kagawa ចាប់ផ្តើមអាជីពដំបូងឲ្យក្លិប Cerezo Osaka​ ចន្លោះឆ្នាំ២០០៦/១០ បង្ហាញខ្លួនសរុប១២៥ប្រកួត ស៊ុតបញ្ចូលទី៥៥គ្រាប់។ លុះដល់ឆ្នាំ២០១០ កីឡាករវ័យ៣២ឆ្នាំរូបនេះ ត្រូវបានក្លិប Borussia Dortmund ទិញនៅក្នុងតម្លៃ៣៥ម៉ឺនអឺរ៉ូ ពីក្លិប Cerezo Osaka ចំនួន២រដូវកាល បង្ហាញខ្លួនបាន៤៩លើក ស៊ុតបញ្ចូលទី២១គ្រាប់។

​បន្ទាប់ពីបង្ហាញខ្លួនបានល្អនៅទឹកដីអាល្លឺម៉ង់ Shinji ត្រូវបានលោក Sir Alex Ferguson ពេញចិត្តហើយក៏បាននាំចូលទៅកាន់ក្លិប Man United ក្នុងតម្លៃ១២លានផោន។

ក្រោយផ្លាស់ទៅកាន់ទឹកដីអង់គ្លេស កីឡាករសញ្ជាតិជប៉ុនរូបនេះហាក់ធ្វើមិនសូវបានល្អសោះឡើយ បន្ទាប់មកក៏ត្រូវបានលក់ត្រលប់ទៅកាន់ក្លិប Dortmund វិញនៅក្នុងតម្លៃ៦,៥លានផោន​ នៅឆ្នាំ២០១៤ ហើយនៅឆ្នាំ២០១៩ Shinji ត្រូវបានក្លិប Beşiktaş ខ្ចីជើង។

ក្រោយផុតកុងត្រាខ្ចីជើង​ Shinji Kagawa ក៏បានចូលរួមជាមួយក្លិប Real Zaragoza របស់ប្រទេសអេស្ប៉ាញចំនួន២ឆ្នាំដោយគ្មានតម្លៃ ហើយក៏បន្តចូលរួមជាមួយក្លិប​ PAOK FC នៅដើមខែមករា​ ឆ្នាំ២០២១ មុននឹងយល់ព្រមចូលរួមជាមួយ Sint-Truiden នៅបែលហ្ស៊ិក៕

Telegram-Troryorng
Share.