
លោក Ahmed Mahloof រដ្ឋមន្ត្រីក្រសួងយុវជននិងកីឡា ប្រទេសម៉ាល់ឌីវ បង្ហោះសារលើ Twitter ចង់ឱ្យក្រុមបាល់ទាត់ Bengaluru របស់ឥណ្ឌា ចេញពីប្រទេសលោក កាន់តែលឿនកាន់តែល្អ ក្រោយមានសមាជិកមានផ្ទុកកូវីដ-១៩ ក្រោយធ្វើដំណើរទៅដល់ប្រទេសដែនកោះនេះ ដើម្បីប្រកួតបាល់ទាត់ជម្រុះពានរង្វាន់ AFC Cup 2021 ប្រចាំតំបន់អាស៊ីភាគខាងត្បូង។
ក្លិប Bengaluru តាមរយៈសារព័ត៌មាន sports.ndtv បានចាត់ទុកសកម្មភាពរបស់រដ្ឋមន្ត្រីកីឡារូបនេះជា«អំពើមិនសមហេតុផល» ខណៈដែលក្រុម Bengaluru បានធ្វើដំណើរទៅដល់ទឹកដីម៉ាល់ឌីវ តាំងពីថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ សប្ដាហ៍មុនម៉្លេះ ហើយក្រោយធ្វើតេស្តរកកូវីដ-១៩ ម្ដងទៀតនៅក្រៅប្រទេសឃើញថាសមាជិកក្រុម មានលទ្ធផលវិជ្ជមាន ទៅវិញ។
ក្រោយរកឃើញមានសមាជិកក្រុមផ្ទុកជំងឺកូវីដ-១៩ សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានសម្រេចផ្អាកភ្លាមៗក្នុងការប្រកួតរវាងម្ចាស់ផ្ទះEagles ជាមួយក្រុម Bengaluru នៅវេលាម៉ោង២៣:០៥នាទីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ខាងមុខលើទីលានកីឡដ្ឋាន Rasmee Dhandu Stadium ក្នុងកោះម៉ាល់ឌីវ។ ចំណែកការលើកពេលនេះ មិនទាន់កំណត់កាលបរិច្ឆេទជាក់លាក់នៅពេលក្រោយនោះទេ។
ក្លិប Bengaluruបានបញ្ជាក់ថាសមាជិកខ្លួនទាំងអស់ស្នាក់នៅសណ្ឋាគាររួមគ្នា មិនបានចេញទៅណាក្រៅពីទៅទីលានហ្វឹកហាត់នោះទេ។ ប៉ុន្តែស្ថានីយទូរទស្សន៍ Nine Maldives បានបង្ហោះរូបសកម្មភាពរបស់កីឡាករអូស្ត្រាលី Erik Paartalu សមាជិកក្រុមឥណ្ឌា នេះដើរនៅលើផ្លូវឈ្មោះថា Male ដែលតំបន់នេះហាមឃាត់មិនឱ្យពលរដ្ឋធ្វើដំណើរមកពីឥណ្ឌា ឆ្លងកាត់នោះទេ។ លោក Parth Jindal ប្រធានក្លិប បញ្ជាក់ថានេះជាអាកប្បកិរិយាដែលមិនអាចលើកលែងបានដល់កីឡាករនិងក្រុមគ្រូបង្វឹក ដែលមានគ្នា៣នាក់ បានធ្វើរឿងដែលមានការអនុញ្ញាត ក្លិបនឹងដាក់ពិន័យលើអ្នកដែលប្រព្រឹត្តិខុស។
ក្រុម Bengaluru ត្រូវធ្វើដំណើរត្រឡប់ទៅប្រទេសវិញ នៅថ្ងៃច័ន្ទ ទី១០ ខែឧសភា នេះភ្លាមៗដែរ ក្រោយទទួលបានដំណឹងពីការផ្អាកការប្រកួតនេះ ខណៈក្លិបបានចេញសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃអាទិត្យ ថាពីការសុំទោសដោយមានរឿងអវិជ្ជមានកើតឡើងចំពោះក្រុមទាំង គ្រប់គ្នាបានរក្សាសុវត្ថិភាព និងសុខភាពខ្ពស់នាពេលកន្លងមកហើយដែរ។
សូមបញ្ជាក់ថាលទ្ធផលអ្នកឈ្នះរវាងក្រុម Eagles និងក្រុម Bengaluru នឹងឡើងទៅលេងវគ្គចែកពូល D ជាមួយដែលកំពុងអង្គុយចាំ ក្រុមATK Mohun Bagan របស់ឥណ្ឌា Bashundhara Kings របស់បង់ក្លាដេស និងក្រុមMaziya របស់ម៉ាល់ឌីវ ដែលជាម្ចាស់ផ្ទះក្នុងពូលនេះ៕
