ក្រុម Bengaluru អាវខៀវ

លោក Ahmed Mahloof រដ្ឋមន្ត្រី​ក្រសួង​យុវជន​និង​កីឡា ប្រទេស​ម៉ាល់ឌីវ បង្ហោះ​សារ​លើ​ Twitter ចង់​ឱ្យ​ក្រុម​​បាល់ទាត់​ Bengaluru របស់​ឥណ្ឌា ចេញ​ពី​ប្រទេស​លោក កាន់​តែ​លឿន​កាន់​តែ​ល្អ ក្រោយ​មាន​សមាជិក​មាន​ផ្ទុក​កូវីដ-១៩ ក្រោយ​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ដែន​កោះ​នេះ ដើម្បី​ប្រកួត​​បាល់ទាត់​ជម្រុះ​ពានរង្វាន់ AFC Cup 2021 ប្រចាំ​តំបន់​អាស៊ី​ភាគ​ខាង​ត្បូង។

​ក្លិប Bengaluru តាម​រយៈ​សារព័ត៌មាន sports.ndtv បាន​ចាត់ទុក​​​សកម្មភាព​​របស់​រដ្ឋមន្ត្រី​កីឡា​រូប​នេះ​ជា​«អំពើ​មិន​សម​ហេតុផល» ខណៈ​ដែល​ក្រុម Bengaluru បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹកដី​ម៉ាល់ឌីវ តាំង​ពី​ថ្ងៃ​សុក្រ ទី៧ ខែ​ឧសភា ឆ្នាំ​២០២១ សប្ដាហ៍​មុន​ម៉្លេះ ហើយ​ក្រោយ​ធ្វើ​តេស្ត​រក​កូវីដ-១៩ ម្ដង​ទៀត​នៅ​ក្រៅ​ប្រទេស​ឃើញ​ថា​​សមាជិក​ក្រុម​ មាន​លទ្ធផល​វិជ្ជមាន ទៅ​វិញ។

ក្រោយ​រក​ឃើញ​មាន​សមាជិក​ក្រុម​ផ្ទុក​ជំងឺ​កូវីដ-១៩ សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បាន​សម្រេច​ផ្អាក​ភ្លាមៗ​ក្នុង​ការ​ប្រកួត​រវាង​ម្ចាស់​ផ្ទះ​Eagles ជាមួយ​ក្រុម Bengaluru នៅ​វេលា​ម៉ោង​២៣:០៥នាទី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២១ ខាង​មុខ​លើ​ទីលាន​កីឡដ្ឋាន Rasmee Dhandu Stadium ក្នុង​កោះ​ម៉ាល់ឌីវ។ ចំណែក​​ការ​លើក​ពេល​នេះ មិន​ទាន់​​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​នៅ​ពេល​ក្រោយ​នោះ​ទេ។

ក្លិប Bengaluru​បាន​បញ្ជាក់​ថា​សមាជិក​ខ្លួន​ទាំង​អស់​ស្នាក់​នៅ​សណ្ឋាគារ​រួម​គ្នា មិន​បាន​ចេញ​ទៅ​ណា​ក្រៅ​ពី​ទៅ​ទីលាន​ហ្វឹកហាត់​នោះ​ទេ។ ប៉ុន្តែ​​ស្ថានីយ​ទូរទស្សន៍ Nine Maldives បាន​បង្ហោះ​រូប​សកម្មភាព​របស់​កីឡាករ​អូស្ត្រាលី Erik Paartalu សមាជិក​ក្រុម​ឥណ្ឌា នេះ​ដើរ​នៅ​លើ​ផ្លូវ​​ឈ្មោះ​ថា​ Male ដែល​តំបន់​នេះ​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​មក​ពី​ឥណ្ឌា ឆ្លងកាត់​នោះ​ទេ។ លោក Parth Jindal ប្រធាន​ក្លិប បញ្ជាក់​ថា​នេះ​ជា​អាកប្បកិរិយា​ដែល​មិន​អាច​លើក​លែង​បាន​ដល់​កីឡាករ​និង​ក្រុម​គ្រូ​បង្វឹក​ ដែល​មាន​គ្នា​៣នាក់ បាន​ធ្វើ​រឿង​​ដែល​មាន​ការ​អនុញ្ញាត ក្លិប​នឹង​ដាក់​ពិន័យ​លើ​អ្នក​ដែល​ប្រព្រឹត្តិ​ខុស។

ក្រុម Bengaluru ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​វិញ នៅ​ថ្ងៃច័ន្ទ ទី១០ ខែ​ឧសភា នេះ​ភ្លាមៗ​ដែរ ក្រោយ​ទទួល​បាន​ដំណឹង​ពី​ការ​ផ្អាក​ការប្រកួត​នេះ ខណៈ​ក្លិប​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​យប់​ថ្ងៃ​អាទិត្យ ថា​ពី​ការ​សុំទោស​ដោយ​មាន​រឿង​អវិជ្ជមាន​កើត​ឡើង​ចំពោះ​ក្រុម​ទាំង គ្រប់គ្នា​បាន​រក្សា​សុវត្ថិភាព និង​សុខភាព​ខ្ពស់​នាពេល​កន្លង​មក​ហើយ​ដែរ។

សូម​បញ្ជាក់​ថា​លទ្ធផល​អ្នក​ឈ្នះ​រវាង​ក្រុម ​Eagles និង​ក្រុម Bengaluru នឹង​ឡើង​ទៅ​លេង​វគ្គ​ចែក​ពូល​ D ជាមួយ​​ដែល​កំពុង​អង្គុយចាំ ក្រុម​ATK Mohun Bagan របស់​ឥណ្ឌា Bashundhara Kings របស់​បង់ក្លាដេស និង​ក្រុមMaziya របស់​ម៉ាល់ឌីវ ដែល​ជា​ម្ចាស់​ផ្ទះ​ក្នុង​​ពូល​នេះ៕

Share.