តារា​សម្ដែង​ម្ចាស់​រហស្សនាម​ «តារា​ទឹក​ភ្នែក​» កញ្ញា​ នី មុនីនាថ ធ្លាប់​មាន​រឿង​អន់ចិត្ត​អន់ថ្លើម​គ្នា​ជាមួយ​នឹង​ថៅកុន​ម្នាក់​រហូត​ដល់​ផ្ដាច់​ទំនាក់ទំនង តមមាត់តមក​គ្នា​រាប់​សិប​ឆ្នាំ​ ទម្រាំ​តែ​អាច​ត្រលប់​មក​ត្រូវ​រ៉ូវ​គ្នា​វិញ​ អ្នក​ទាំង​ពីរ​ក៏​ចេញ​មក​រៀបរាប់​ពី​ចំណង​មិត្ត​ភាព​​នៅ​លើ​បណ្ដាញ​សង្គម​ចែក​រំលែក​បទ​ពិសោធន៍​រឿង​​មិត្ត​ភក្ដិ​អន់ចិត្ត​គ្នា​។

សូមចុច​អាន នី មុនីនាថ ច្រានចោលព័ត៌មានកែខ្ទង់ច្រមុះដែលធ្វើឱ្យមុខប្លែកជាងមុន

យោង​តាម​ការ​បង្ហោះ​ដែល​កញ្ញា នី មុនីនាថ​ បាន​ចែក​រំលែក​បន្ត​ពី​អ្នកស្រី​ ប៊ុន​ ចាន់និមល ម្ចាស់​ផលិតកម្ម​ផលិត​កុន​ដ៏​ធំមួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​រៀបរាប់​ពី​ចំណង​មិត្ត​ភាព​រវាង​គ្នា​ដែល​ការ​ច្រឡំ​បន្តិច​បន្តួច​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​ខាន​ទាក់ទង​គ្នា​ជាច្រើន​ឆ្នាំ​។

ថៅកែ​កុន​ខាង​លើ​បាន​រៀបរាប់​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​៖ «មិត្ត​ Ny Monyneath ខ្ញុំ​ ​និង​មិត្ត​ខ្ញុំ​ម្នាក់​នេះ​ ​ធ្លាប់​ឆ្លងកាត់​គ្រា​កម្សត់​ជាមួយ​គ្នា​ ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ តែ​ក្រោយ​មក​យើង​ក៏​មាន​រឿង​អន់​ចិត្ត​មិន​និយាយ​រក​គ្នា​៧​ឆ្នាំ​។​ ​រយៈ​ក្រោយ​មក​យើង​ចាស់​ទុំ​ចិត្ត​គំនិត​ ​យើង​ក៏​បាន​ហៅ​រក​គ្នា​ ហើយ​យើង​ក៏​ត្រឡប់​មក​ជិតដិត​នឹង​គ្នា​វិញ​។​ ​ធម្មតា​រាប់​អាន​គ្នា​ស្និទ្ធ​ ​ក៏​ងាយ​មាន​រឿង​ប៉ះ​អារម្មណ៍​ តែ​ពេល​មាន​រឿង​មិន​ព្រម​និយាយ​គ្នា​ត​ទល់​ ​វា​ក៏​ធ្វើ​ឲ្យ​កើត​ការ​យល់​ច្រឡំ​។​យ៉ាង​ណា​ពេល​នេះ​យើង​ដឹង​ហើយ​ថា​កាល​ណោះ​ចិត្ត​យើង​ម្នាក់​ៗ​ ​ពេញ​ដោយ​សេចក្តី​ប្រកាន់​ ឥលូវ​យើង​រៀន​អប់រំ​ចិត្ត​បាន​ច្រើន​ ​ព្រោះ​យើង​ទម្លាប់​ ​ស្តាប់​ធម៌​ ​និង​អាន​សៀវភៅ​ សូម​ឲ្យ​មិត្តភាព​យើង​មាន​ភាព​ចាស់ទុំ​ដូច​អាយុ​យើង​ណា​ ​យើង​រាប់​អាន​គ្នា​តាំង​ពី​ឆ្នាំ​2008​»

ងាក​មក​កញ្ញា នី មុនីនាថ​ ឯណេះ​វិញ​ក៏​បាន​ចែក​រំលែក​ផុស​ខាង​លើ​ព្រម​ទាំង​ដាក់​ Caption ខ្លី​តែ​មាន​ន័យ​មិន​ចាញ់​គ្នា​​ដែរ​ថា​៖ «វា​ពិត​ជា​រយៈពេល​យូរ​ណាស់​ដែរ​យើង​មិន​បាន​ទាក់​ទង​គ្នា​ មិន​និយាយ​រក​គ្នា​ ​ អរគុណ​ក្ដី​ស្រលាញ់​មិត្តភាព​មួយ​នេះ​ ខ្ញុំ​ចង់​ប្រាប់​ថា​ខ្ញុំ​ពិត​ជា​ស្រលាញ់​ណាស់​និង​នឹក​ខ្លាំង​ណាស់​ Bun Channimol»

ចំណង​មិត្ត​ភាព​ដ៏​ស្មោះត្រង់​ដែល​ឆ្លងកាត់​ការយល់​ច្រឡំ​ដ៏​យូរ​អង្វែង​មួយ​នេះ​ ត្រូវ​បាន​អ្នក​គាំទ្រ​ចូល​មក​អបអរសាទរ​និង​ជូនពរ​ឱ្យ​មិត្ត​ភាព​របស់​អ្នក​ទាំង​ពីរ​ស្អិត​ល្មួត​ និង​លែង​មាន​ជួប​ការ​ប្រេះឆា​រវាង​គ្នា​ទៀត​៕

Telegram-Troryorng
Share.