មួយ​រយៈ​កាល​នេះ​ គេ​កត់​សម្គាល់​ឃើញ​ថា មាន​អ្នក​សិល្បៈ​ជា​ច្រើន​បាន​ជាប់​គាំង​ក្នុង​បំណុល​ និង​ការ​ចាញ់​បោក​រឿង​លុយ​កាក់ ​ដោយ​បាន​លើក​មក​បង្ហោះ​សារ​លើ​បណ្ដាញ​ផ្សព្វ​ផ្សាយ​សង្គម​ហ្វេស​ប៊ុក​ឱ្យ​សាធារណៈ​ជន​បាន​ដឹង​ថា​ បុគ្គល​នេះ​ឬ​បុគ្គល​នោះ​ជា​អ្នក​បោក​ប្រាស់​លុយ​ បុគ្គល​នេះ​ឬ​បុគ្គល​នោះ​ជំពាក់​បំណុល​ខ្លួន​មិន​ព្រម​ដោះស្រាយ​ហើយ​រត់​គេច​បាត់​ស្រមោល​ ខ្លះ​ថា​ខ្លួន​ត្រូវ​មេ​តុងទីន​បោក​លុយ​មិន​បង្វិល​លុយ​ឱ្យ​វិញ​ ហើយ​និង​មាន​ខ្លះ​ទៀត​ថា​ជំពាក់​បំណុល​ចិន​វ័ណ្ដ​ក​ហើយ​ប្រកាស​ខ្លួន​ក្ស័យ​ធន​តែ​ម្ដង​។

វិបត្តិ​របស់​អ្នក​សិល្បៈ​ត្រូវ​បាន​គេ​ឃើញ​កើត​មាន​ឡើង​ច្រើន​ ក្រោយ​ជួប​បញ្ហា​លំបាក​នៃ​ស្ថាន​ភាព​កូវីដ​១៩​ ខណៈ​ការ​សម្ដែង​ជា​ច្រើន​កម្មវិធី​ត្រូវ​បាន​លុប​ចោល​ គ្មាន​ការ​ច្រៀង​នៅ​ក្នុង​កម្មវិធី​កាត់​សក់​មង្គលការ​ គ្មាន​ការ​ដើរ​បង្ហាញ​ម៉ូដ​ ឬ​ថត​និង​សម្ដែង​ភាពយន្ដ​នោះ​ទេ​ ដោយ​សារ​ត្រូវ​ការ​ពារ​ និង​រក្សា​គម្លាត​សង្គម​ ដើម្បី​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​។ ហើយ​ថ្មី​ៗ​នេះ​គេ​បាន​ក៏​ឃើញ​មាន​តារា​ចម្រៀង​មួយ​ចំនួន​ បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ឱ្យ​មហា​ជន​បាន​ដឹង​ថា​ ខ្លួន​កំពុង​ចាញ់​បោក​មេ​តុងទីន​ម្នាក់​ ហើយ​ក៏​មាន​អ្នក​នៅ​ក្នុង​ចង្កោម​សិល្បៈ​ក៏​ចាញ់​បោក​បុគ្គល​នោះ​ដែរ​។

ដោយ​ឡែក​គេ​ក៏​បាន​ឃើញ​តារា​ចម្រៀង​ស្រី​ ទេព​ ​បូព្រឹក្ស​ ដែល​ជា​ម្ចាស់​បទ​ «វីរ​នារី​»​ បង្ហាញ​តម្រុយ​រឿង​តុងទីន​នៅ​ហ្វេសប៊ុក​របស់​ខ្លួន​ដែរ​ រហូត​ធ្វើ​ឱ្យ​ហ្វេន​គាំទ្រ​សង្ស័យ​ថា​ កញ្ញា​ ទេព​ ​បូព្រឹក្ស​ ប្រហែល​ជា​ត្រូវ​មេ​តុងទីន​បោកប្រាស់​លុយ​កាក់​ដែរ​ហើយ​មើល​ទៅ​?។ កញ្ញា​ ទេព​ ​បូព្រឹក្ស​ ដំបូង​ឡើយ​បាន​បង្ហោះ​សារ​ថា ​«បទ​ថ្មី​ចេញ​ក្នុង​ពេល​ឆាប់ៗ​ ចំណង​ជើង​ តុងទីន​ ទាន់​?😩» ។ ក្រោយ​ពី​បង្ហោះ​បែប​នេះ​ហើយ​ ហ្វេន​ជា​ច្រើន​បាន​ចូល​ឬ​ទៅ​ Comment បន្ដ​ ហើយ​ក្នុង​នោះ​​ក៏​មាន​អ្នក​សិល្បៈ​ជា​ច្រើន​នាក់​ចូល​ Comment​ ផង​ដែរ​។

ជាក់​ស្ដែង​គេ​ឃើញ​មាន​អ្នកនាង​ គង់ ​ចាន់ស្រីមុំ​ បាន​ Comment​ ថា​ «ចាំ​បង​ថែម​ចំណង​ជើង​មួយ​ទៀត​ “កាត់​ចិត្ត​ទៅ​ថ្លៃ​”​ 😫» ហើយ​ Alex CoNan Real ក៏បាន​ Comment ថា​«ស្រណោះ​មេ​តុងទីន» ភ្លាម​ៗ​នោះ​ ហ្វេសប៊ុកកញ្ញា ទេព​ បូព្រឹក្ស​ ក៏​បាន​ព្លយ​ពាក្យចេញមកថា «ចែ​អូន​ឯង​ឡូវ​សើច​យំ​សើច​យំ​ដូច​អី​ទេ​»។ យ៉ាង​ណា​ក្ដី​គេ​ក៏​ឃើញ​មាន​ Comment ​ជា​ច្រើន​ទៀត​ ដូច​ឱ្យ​តម្រុយ​ថា​ កញ្ញា​ ទេព​ ​បូព្រឹក្ស​ កំពុង​តែ​គាំង​រឿង​តុងទីន​ ហើយ​ចង់​យំ​ក៏​មិន​ចេញ​ ចង់​សើច​ក៏​មិន​ចេញ​។ យ៉ាង​ណា​មិញ​ សារព័ត៌មាន​ត្រយង​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​កញ្ញា​ ទេព​ បូព្រឹក្ស​ ថា​ពិត​ជា​បាន​ចាញ់​បោក​រឿង​ទុង​ទីន​ពិត​ប្រាកដ​មែន​ទេ​? ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​នៅ​ទេ​៕

Telegram-Troryorng
Share.