ហ្វេ​ន​អ្នកគាំទ្រ​ច្បាស់​ជា​នៅចាំ​ភាពយន្ត និង​ប្រលោមលោក «សង្សារ ១៤ថ្ងៃ» របស់​អតីត​អ្នកនិពន្ធ​ទំនុកច្រៀង​ល្បីឈ្មោះ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស គឺ​លោក សុខ ចាន់​ផល ដែល​ភាពយន្ដ​បែប​ស្នេហា​យុវវ័យ​នេះ បាន​ពន្យា​ពេល និង​អូសបន្លាយ​ថ្ងៃ​ចាក់​បញ្ចាំង​យ៉ាងច្រើន​ខែ​មកហើយ រហូត​ធ្វើឱ្យ​ហ្វេ​ន​អ្នកគាំទ្រ​អន្ទះសា​ចង់​ទស្សនា​ខ្លាំង។

យ៉ាងណាមិញ ភាពយន្ដ​នេះ​ក៏មាន​វត្តមាន​តារា​សម្ដែងល្បីៗជាច្រើន​ដួង​ដូចជា លោក ហូ សារៈ កញ្ញា ស៊ឹម ស្រី​និច្ច លោក សាន់​នី លោក លី សុខ​ណេ​ត និង​តារា​សម្តែងថ្មីៗមួយចំនួនទៀត​ផងដែ​រ។ តាមរយៈ​រូបភាព Poster និង​ក្របសៀវភៅ​ប្រលោម «សង្សារ ១៤ថ្ងៃ» អ្វីដែល​ហ្វេ​ន​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ​គឺ រូបរាង​សង្ហា​របស់​តួឯក​ប្រុស​លោក ហូ សារៈ  ជា​អតីត Freshie Boy លេខ ១ ជំនា​ន់ទី១០ នៅ​ឆ្នាំ២០១១។ មកទល់ពេលនេះ តារា​សម្ដែង​ប្រុស​រូបនេះ ក៏​មិនសូវ​ជា​ចេញមុខ​ក្នុងការ​សម្ដែង​ភាពយន្ដ ឬ​រឿង​ភាគ​ទូរទស្សន៍​ប៉ុន្មាន​ដែរ ក៏ប៉ុន្តែលោក​បាន​លេចមុខសម្ដែង MV ថ្មីៗមួយបទៗឱ្យ​ផលិតកម្ម​ហង្ស​មាស។

យ៉ាងណាក្ដី ថ្មីៗនេះ​លោក ហូ សារៈ ​ក៏បាន​ទម្លាយ​រូបភាព​ម្ចាស់​បេះដូង​ឱ្យ​មហាជន​បានដឹង​និង​ស្គាល់មុខ​ឥតលាក់លៀម។ បើតាម​ការ​បង្ហោះ​របស់​លោក ហូ សារៈ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានឱ្យដឹងថា ម្ចាស់​បេះដូង​របស់លោក​មានឈ្មោះ​គណនី​ហ្វេ​ស​ប៊ុ​ក Voleak Morm ហើយ​អ្នក​ទាំងពីរ​តែងតែ​បង្ហាញ​ភាព​ស្អិតរ​មួ​ត និង​ផ្អែមល្ហែម​ជាមួយគ្នា ដែលធ្វើឱ្យហ្វេនកើតចិត្តច្រណែន។ បើ​និយាយ​រូប​សម្រស់​របស់​គូស្នេហ៍​តារា​សម្ដែង​ប្រុស​នេះ​វិញ ក៏​មិន​ចាញ់​តារា​សម្ដែង ឬ​តារា​បង្ហាញ​ម៉ូដ​ប៉ុន្មាន​ដែរ ពោល​គឺមាន​សប្បុរស​ស រាង​តូច​ច្រលឹង កម្ពស់​ខ្ពស់ និង​ស្នាមញញឹម​ស្រស់ ទើបបានជា​ធ្វើឱ្យ​លោក​ស្រឡាញ់​ស្ទើ​លេប​តែម្ដង៕

Telegram-Troryorng
Share.