
ក្រោយចាញ់ក្រុមបាល់ទាត់ Everton ក្នុងទឹកដី Emirates Stadium របស់ខ្លួននៅថ្ងៃសុក្រ សប្ដាហ៍នេះ អ្នកគាំទ្រក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បាននាំគ្នាចេញតវ៉ាបាតុកម្មចង់បណ្តេញលោក Stan Kroenke ដែលជាប្រធានក្លិបចេញ ដោយសារតែក្រុមមួយនេះមានគំនិតចូលរួមក្នុងពានថ្មីមួយឈ្មោះថា European Super League និងបណ្តោយឱ្យក្លិបស្ថិតក្នុងសភាពដុនដាបនៅក្នុងលីគកំពូលអង់គ្លេស បើធៀបនឹងរដូវកាលកន្លងទៅ។
«ចាកចេញពីក្លិប Arsenal របស់យើង» ឬ «យើងចង់ឱ្យ Arsenal ត្រឡប់មកដូចដើមវិញ» នេះជាបដាដែលអ្នកគាំទ្រលើអំឡុងពេលតវ៉ានៅមុខកីឡដ្ឋាន ក្នុងទីក្រុងឡុងដុង របស់ខ្លួន។ Arsenal កាន់តែនៅឆ្ងាយពីតំបន់កៅអីក្នុងពានរង្វាន់ទ្វីបអឺរ៉ុប នៅរដូវកាលក្រោយ ព្រោះនៅឈរលេខ៩ មាន៤៦ពិន្ទុ ស្របពេលនៅសល់តែ៥ប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាលទៅហើយ។
ទន្ទឹមនឹងគ្នានេះដែរថៅកែក្រុមហ៊ុនSpotify លោក Daniel Ekបានប្រកាសនៅលើ Twitter របស់ខ្លួនថា៖«តាំងដឹងក្ដីមកខ្ញុំជាអ្នកគាំទ្រ Arsenal។ ប្រសិនបើលោក Stan Kroenke លក់ក្លិប Arsenal ខ្ញុំរីករាយនឹងទិញយក»។បុរសជនជាតិស៊ុយអែត រូបនេះមានទ្រព្យប្រមាណ ៤.៧ពាន់លានដុល្លារអាមេរិក៕