ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿង ដឹកអ្នកដំណើរបើកឡើងស្ពានព្រែកព្នៅ ឆ្លងភ្លើងឆេះ សល់តែគ្រោងដែក បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅលើស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AA 2852 ឆេះសល់តែគ្រោងដែក សំណាងល្អគ្មានអ្នករងរបួស ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តសាំយ៉ុងមួយគ្រឿងនេះ មានដឹក មនុស្សចំនួន៥នាក់ បើកពីលិចទៅកើត ឆ្លងកាត់ដល់ខាងលើស្ពាន ស្រាប់តែឆ្លងភ្លើង ផ្សែងហុយខ្មួលខ្មាញ់ ក៏ឈប់ចតស្ងៀម អ្នកជិះនាំគ្នាចុះចេញអស់ យកទឹកជះ តែផ្សែង នៅតែហុយ ទើបម្ចាស់ចុះទៅរកទឹកទៅជះ ទម្រាំវិលទៅកន្លែងរថយន្តវិញ កម្តៅកាន់តែខ្លាំង ឆេះជាអណ្តាលភ្លើងឡើងទើបឆោឡោ ។

ភ្លាមៗនោះសមត្ថកិច្ចផ្នែក រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានចេញទៅជួយ បាញ់ទឹក ពន្លត់ភ្លើង ប៉ុន្តែរត់យន្តបានឆេះខ្ទេច សល់តែគ្រោងដែក តែមិនបង្កឲ្យអ្នកណារងរបួស ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.