ដូចបានឃើញនៅក្នុងវីដេអូខារ៉ាអូខេរបស់ផលិតកម្មហង្សមាសតាំងពីដើមមកម្ល៉េះ កំពូលតារាកំប្លែងនាយ ក្រឹម ឧស្សាហ៍ឃើញបង្ហាញមុខសម្តែងចម្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ សូម្បីម្ដងម្កាលសម្ដែងនៅលើឆាកប្រគុំតន្ត្រីជាមួយគ្នាថែមទៀតផង។ មហាជនតែងតែងនឹកឆ្ងល់ថា ហេតុអ្វីបាន ព្រាប សុវត្ថិ ចូលចិត្តសម្តែងជាមួយនាយ ក្រឹម?

ការពិតណាស់ ទំនាក់ទំនងរវាងលោក ព្រាប សុវត្ថិ និងនាយ ក្រឹម មានភាពស្អិតល្មួតណាស់ ព្រោះអ្នកទាំងពីរនៅក្រៅឆាកជាមនុស្សចិត្តមួយថ្លើមមួយទៅហើយ។ ដោយហេតុផលទាំងអស់ហ្នឹងហើយបានជម្រុញឱ្យ ព្រាប សុវត្ថិ តែងតែនាំនាយ ក្រឹម ទៅសម្តែងជាមួយជានិច្ច។ ជាពិសេសកន្លងមកតែងតែមានវត្តមាននាយ ក្រឹម ចូលរួមសម្ដែងដូចជាបទ «មាន់ស្រែបន្លែស្រស់» «រដើនមានស្នេហ៍» និងបទចម្រៀងអាល់ប៊ុលឆ្លងឆ្លើយជាមួយអ្នកនាង ពេជ្រ សោភា ដែលនាយ ក្រឹម ហៅលោក ព្រាប សុវត្ថិ ថា បងស្នាយ ជាដើម។

បន្ទាប់ពីចាកចេញពីហង្សមាសទៅកាន់កាឡាក់ស៊ីណាវ៉ាត្រា លោក ព្រាប សុវត្ថិ ក៏ហាក់ខកខានការសម្ដែងជាមួយនាយ ក្រឹម ដែរ។ រហូតធ្វើឱ្យនាយ ក្រឹម មានក្ដីនឹករឭកលោក ព្រាប សុវត្ថិ យ៉ាងខ្លាំង រហូតបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា «..ទោះបីបងស្នាយ ឃ្លាតឆ្ងាយពីអូនមួយរយៈក៏ដោយ ? តែអូននៅតែមានបេះដូងជាមួយ បងស្នាយដដែល! ..ហើយបងស្នាយ ក៏នៅតែនឹកអនុស្សាវរីយ៍ កាលនៅរួមការងារដដែល។ .ម្សិលមិញពេលបងហៅអូនទៅជួប អូនរំភើបណាស់ មិននឹកស្មានថាបងនៅស្រឡាញ់អូនទេ។ យើងឃ្លាតតែកាយ តែបេះដូងនៅមិននៅឆ្ងាយគ្នាឡើយ!»។

ការបង្ហោះសារនេះ សូម្បីតែហ្វេនក៏សប្បាយចិត្តដែរ ចង់ឱ្យអ្នកទាំងពីរវិលមកសម្ដែងជាមួយគ្នានៅថ្ងៃណាមួយ៕

Telegram-Troryorng
Share.