ឆ្នាំនេះ ពិធីសែនចូលឆ្នាំចិន នឹងរៀបចំធ្វើនៅថ្ងៃទី៣១ ខែមករា ២០២២។ ម៉្លោះហើយ អ្នកមានជំនឿតាមក្បួនចិន រមែងគោរពប្រតិបត្តិ ដើម្បីទទួលបានសិរីសួស្ដី និងជៀសផុតព្រោះកាចផ្សេងៗ តើឆ្នាំនេះ ត្រណមអ្វីខ្លះ?

លោកតា កុក ឡុង ហោរាចិនសែ ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា បានប្រាប់សារព័ត៌មានត្រយងថា ឆ្នាំថ្មីនេះ គឺជាឆ្នាំខាល ធាតុមាស ដែលឆ្នាំខាលនេះ ត្រណម ដូចខាងក្រោម៖

  • អំពីធាតុ៖ ឆ្នាំខាលធាតុមាស ដូច្នេះ ត្រណមធាតុមាស និងឈើ 
  • អំពីពណ៌៖ ឆ្នាំខាលធាតុមាស ពណ៌មាស ម៉្លោះហើយ ត្រណមពណ៌មាស និងពណ៌ស ព្រោះពណ៌ទាំងនេះ មិនត្រូវធាតុមាស របស់ឆ្នាំខាលឆ្នាំនេះ។ 
  • អំពីការប្រើលេខ៖ អ្នកទិញលេខឡាន ម៉ូតូ កុំទិញលេខ មានលេខ ៣ និង៤ ជាប់គ្នា គឺមិនល្អនោះទេ។ 
  • អំពីការកូន៖ ប្រសិនបើ ឪពុក ម្ដាយ ឆ្នាំខាល គួរគប្បីកុំយកឆ្នាំខាលដូចគ្នា ពោលគឺក្នុងផ្ទះ កុំឲ្យមានឆ្នាំខាលពីរក្នុងផ្ទះតែមួយ គឺមិនសូវល្អនោះទេ។ 

តើឆ្នាំនេះ រកស៊ីអ្វីរកស៊ីរីកចម្រើន? លោកតា កុង ឡុង បានឲ្យដឹងថា ឆ្នាំនេះ ជាឆ្នាំខាល ធាតុមាស ម៉្លោះហើយ ធាតុទឹក និងដី ចម្រើនដល់ធាតុមាស។ ការរកស៊ីល្អបំផុតឆ្នាំនេះ គឺបើកមុខរបរ លក់ភេសជ្ជៈ ជាដើម ។

បើទោះបីជាយ៉ាងណាក៏ដោយ លោកតា កុក ឡុង បានបញ្ជាក់ថា ក្បួនចិនមិនមែនថាឆុង សុទ្ធតែឆុងនោះទេ គេមើលលើធាតុ ពេលវេលា ថ្ងៃ ខែ បន្ថែមទៀត ទើបដឹងច្បាស់ ហើយរឿងខ្លះអាចបញ្ជៀសការឆុង ឬគ្រោះថ្នាក់បាន។ ទន្ទឹមនឹងនេះ លោកតា កុង ឡុងថា «ជឿលើជំនឿតែ ៣០% ប្រឹងប្រែងតស៊ូ៦០% នៅសល់១០% ពឹងលើព្រេងសំណាង» ៕ 

Share.