ដូច​មហាជន​បាន​ស្គាល់​មក​ហើយ​ថា​ កញ្ញា​ កែវ​​ ពេជ្រ​ពិសី​ ហៅ​ស្រី​ពីន​ ជា​តារា​កំប្លែង​ស្រី​ពន្លក​ថ្មី​ ក៏​ប៉ុន្ដែ​កញ្ញា​មាន​ភាព​ទាក់​ទាញ​តាមរយៈ​វោហារ​ស័ព្ទ​ក្នុង​ការ​និយាយ​កំប្លែង​។ កន្លង​មក​គេ​បាន​ឃើញ​កញ្ញា ស្រីពីន ​ធ្លាប់​ចូល​រួម​សម្ដែង​កំប្លែង​ជា​មួយ​ក្រុម​ នាយ​ក្រឹម​ នាយ​កុយ​ ក៏​ប៉ុន្ដែ​ថ្មីៗ​នេះ​ ស្រី​ពីន​ បាន​លេច​មុខ​មក​សម្ដែង​ជា​មួយ​ក្រុម​កំប្លែង​ CBS​ វិញ​ម្ដង​។

បើ​តាម​ការ​បង្ហើប​របស់​លោក​ ចែម​ ចាន់​រ៉ា​ ហៅ​ ពែក​មី​ បានឱ្យដឹងថា ស្រី​ពីន​ នឹង​ចូល​ជំនួស​តំណែង​របស់​អ្នក​នាង​ ខ្ញុង​ វិញ​ម្ដង​ ដោយ​សម្ដែង​ជា​តួ​ប្រពន្ធ​របស់​លោក​នៅ​ក្នុង​កម្មវិធី​កំប្លែង​ «២​គ្រួសារ​»។ លោក​ ពែក​មី​ បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា​ «ណែនាំឱ្យ​បងប្អូន​ស្គាល់​​ ប្រពន្ធ​ថ្មី​របស់​ខ្ញុំ​​ (​​ស្រីពីន​​) នៅ​ផ្ទះ​លេខ​2​​ ជំនួស​តួ​អ្នកនាង​ខ្ញុង​​ បង​ប្អូន​ចាំ​មើល​ផង​ តើ​សមត្ថភាព​គាត់​យ៉ាង​ណា​ដែ​រ​? 💪 កម្មវិធី​​ ២​គ្រួសារ​ ❤️»។

យ៉ាង​ណា​មិញ​ អ្នក​នាង ខ្ញុង ក៏​ធ្លាប់​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​ត្រយង​ដែរ​ថា​ អ្នក​នាង​ និង​ស្វាមី​គឺមិន​មាន​កុងត្រា​ជា​តារា​កំប្លែង​ជា​មួយ​ស្ថានីយ​ទូស្សន៍​ CTN​ នោះ​ទេ​ ពោល​គឺ​អ្នក​នាង​ទៅ​សម្ដែង​នៅ​ពេល​ដែល​មាន​តែ​ការ​អញ្ជើញ​តែ​ប៉ុណ្ណោះ​។

យ៉ាង​ណា​មិញ​ ក្រោយ​ការ​បង្ហោះ​របស់​លោក​ ពែក​មី​ ក្នុង​ការ​បង្ហាញ​មុខ​​តួ​កំប្លែង​ស្រី​ថ្មី​ជំនួស​តួ​អ្នកនាង​ ខ្ញុង​ ភ្លាមៗ​ក៏​ឃើញ​មាន​មហាជន​អ្នក​គាំទ្រ​ខ្លះ​ មាន​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់​វត្តមាន​របស់​អ្នកនាង​ ខ្ញុង និង​មានខ្លះ​ទៀត​ ក៏​និយាយ​ទាំង​ស្វាគមន៍​ចំពោះ​វត្ត​មានថ្មី​របស់​ ស្រី​ពីន​ ក្នុង​ការ​មក​កាន់​ក្រុម​កំប្លែង​ CBS​។

សព្វថ្ងៃ​គេ​ក៏​កត់​សម្គាល់ឃើញថា អ្នកនាង ខ្ញុង ទទួលបានការងារច្រៀងកាត់សក់ជាច្រើនរោង និងបាន Live លក់ត្រីងៀត សាច់ក្រក និងប្រហុក ជាដើម។ យ៉ាងណាក្ដី ក្រុមការងារសារព័ត៌មានត្រយងកំពុងព្យាយាមសុំការបំភ្លឺបន្ថែមពីអ្នកនាង ខ្ញុង ហើយនឹងជម្រាបព័ត៌មានជូនមហាជនបន្ដទៀតនាពេលខាងមុខនេះ៕

ចុចត្រង់នេះ៖

ខ្ញុង ខ្លាចហើយនិងអរគុណអ្នកសិល្បៈមួយចំនួន ធ្វើឱ្យស្គាល់ពីវប្បធម៌ក្ដិចត្រួយ

ខ្ញុង បោះពាក្យសម្ដី៖ «អតីតកាលដ៏សែនឈឺចាប់ និងគ្មានថ្ងៃបំភ្លេច »

Telegram-Troryorng
Share.