រឿងរ៉ាវ​កក្រើក​បណ្ដាញ​សង្គម​កាល​ពី​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២២ ម្សិលមិញ​នេះ​ គឺជា​រឿង​ដែល​អ្នក​លេង​បណ្ដាញ​សង្គម​​ម្នាក់​បាន​ចេញ​មក​ត្អូញត្អែរ​រឿង​ដែល​កំពូល​តារា​ចម្រៀង​ល្បី​លោក​ ឆន សុវណ្ណារាជ​ តែងតែ​ Call ទៅ​លោក​និង​ស្នើ​សុំ​ឱ្យ​តារា​រូប​នេះ​បញ្ឈប់​ទូរស័ព្ទ​ទៅ​លោក​ឬ​ប្រពន្ធ​លោក​ទៀត​។

គណនី​ហ្វេសប៊ុក​មួយ​បាន​ចេញ​មក​បង្ហោះ​រឿង​ដែល​លោក​តែងតែ​ទទួល​បាន​ទូរស័ព្ទ​លោក​ ឆន សុវណ្ណារាជ​ជាប់​ជា​ប្រចាំ​ រាល់ៗ​ថ្ងៃ​ ដោយ​ក្នុង​នោះ​​ភរិយា​របស់​លោក​ក៏​ទទួល​បាន​ទូរស័ព្ទ​ដូច​គ្នា​ដែរ​ ទោះ​ជា​លោក​បាន​បិទ​ (Block) មិន​ឱ្យ​ទូរស័ព្ទ​ចូល​បាន​ក៏​នៅ​តែ​ទំនាក់ទំនង​ទៅ​លេខ​ដែល​លោក​ប្រើ​ផ្សេងៗ​ទៀត​ដែរ។

ម្ចាស់​គណនី​ដដែល​បាន​ត្អូញត្អែរ​ថា​ ខ្លួន​លោក​ធ្វើ​ការ​ហត់នឿយ​ ពេល​ថ្ងៃ​ត្រង់​ចង់​សម្រាក​ ប៉ុន្តែ​បែរ​ជា​ទទួល​បាន​ទូរស័ព្ទ​ Call ចូល​មិន​ឈប់​។ លោក​បាន​បន្ថែម​ទៀត​ថា​ក្រៅ​ពី​ក្រុម​គ្រួសារ​លោក​ហើយ​ បងប្អូន​មិត្ត​ភក្ដិ​លោក​ក៏​មាន​វាសនា​មិន​ខុស​គ្នា​ដែរ​។ លោក​បាន​សំណូម​ពរ​ឱ្យ​តារា​ចម្រៀង​ ឆន សុវណ្ណារាជ​ ឈប់​ខល​ទៅ​លោក​ ហើយ​លក់​ផលិតផល​ដូច​ជា​ ដី ផ្ទះ​ ខុនដូរ នៅ​តាម​ផេក​វិញ​ល្អជាង​។​​​

«លោក ឆន សុវណ្ណរាជ អើយ​ឈប់​បាន​ឈប់​ទៅ​ ​ឈប់​ ​Call​ មក​ទៀត​ ​លោក​មាន​​ដី​ ​មាន​ផ្ទះ​ មាន​ខុនដូរ ​លោក​ ផុស​លក់​តាមផេក​លោក​ទៅ​ មិ​នបាច់​ ​Call​ មក​រាល់​ថ្ងៃ​ទេ​ ​ខល​មក​ខ្ញុំ​មិន​អស់​ចិត្ត​ call​ មក​ប្រពន្ធ​ខ្ញុំ​ទៀត​ ខ្ញុំ​បាន​ ​Block ​លេខ​លោក​ ​2 ​ខ្សែរ​ហើយ​ ​នៅ call​ ទៅ​ប្រពន្ធ​ខ្ញុំ​ទៀត​។ ​ថា ​call​ ​ក៏ ​call ​ចុះ ​តែ​សុំ​មើល​ម៉ោង​ពេល​ផង​ ខ្ញុំ​អ្នក​ធ្វើការ​ ​ហត់​ណាស់ ​មាន​ពេល​បន្តិចបន្តួច​សម្រាក​ថ្ងៃ​ត្រង់​ ​លោក​ ​call​ ​មក​មិន​ឱ្យ​សម្រាក​ទៀត​ ។ ​call​ មក​អស់​ហើយ​មិន​ថា​ខ្ញុំ ​ប្រពន្ធ​ខ្ញុំ​ ​ចូល​ដល់​បង​ប្អូន​ខ្ញុំ​ទៀត​​។ ​លោក​ធ្វើ​អញ្ចឹង​ដើម្បី​អី​ បាត់​ប្រជាប្រិយ​ភាព​ហើយ​។ ​សូម​អរគុណ​លោក​ ​បើ​ឈប់​ ​call ​មក​ខ្ញុំ​ទៀត​។​»

ការ​លើក​ឡើង​របស់​បុគ្គល​ខាង​លើ​នេះត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​រូប​ទៀត​ចូល​មក​ Comment , Share និង​ Like ព្រម​ទាំង​គាំទ្រ​ការ​លើក​ឡើង​ទាំង​ស្រុង​ដូច​អ្វី​ដែល​លោក​បាន​និយាយ​នៅ​ខាង​លើ​នេះ​។

តាម​ពិត​សំឡេង​ Call ចូល​ដែល​បង្ក​ឱ្យ​មាន​ការ​រំខាន​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​មួយ​ចំនួន​នេះ​ ទើប​តែ​កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ​ទេ ដោយ​មនុស្ស​ភាគ​ច្រើន​ទទួល​បាន​ទូរស័ព្ទ​ដែល​មាន​សំឡេង Record ​របស់​លោក​ ឆន សុវណ្ណារាជ​រៀបរាប់​ពី​គម្រោង​លក់​ខុនដូរ។

ជុំវិញ​មតិ​រិះគន់​ខាង​លើ​នេះ​ សារព័ត៌មាន​ត្រយង​កំពុង​ព្យាយាម​​ទំនាក់ទំនង​ទៅ​លោក​ ឆន​ សុវណ្ណារាជ​ដើម្បី​ស្នើ​សុំ​ការ​ស្រាយ​បំភ្លឺ​ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ជាប់​រវល់​៕

Telegram-Troryorng
Share.