ភ្នំពេញ​៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ៥ ម៉ឺនដុល្លារដល់កីឡាករ ចាន់ វឌ្ឍនាកា ដើម្បីព្យាបាលរបួសសរសៃរជង្គង់ខាងស្ដាំ (ACL)។នេះបើយោងតាមការបញ្ជាក់របស់ម្ចាស់គណនីហ្វេសប៊ុក លោក ចាន់ ចេស្តា (Chan Chesda) ដែលត្រូវជាឪពុករបស់ ចាន់ វឌ្ឍនាកា។

លោក ចាន់ ចេស្តា អតីត​អភិបាល​ខេត្តកំពត បច្ចុប្បន្នជា​អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានបង្ហោះលើគណនីហ្វេសបុកផ្លូវការ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖«ក្នុង​នាម​ខ្ញុំ​បាទ​ជា​ឪពុកម្ដាយ​និង​ក្រុម​គ្រួសារ​របស់​កីឡាករ​ចាន់​ វឌ្ឍនាកា​សូម​លំអោន​កាយ​គោរព​ថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅ​បំផុត​ចំពោះ​គុណូបការ:ដ៏ថ្លៃថ្លា​​របស់​សម្តេច​តេជោ​និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ដែលបាន​ជួយ​ឧបត្ថម្ភ​ថវិកា​ដ៏ច្រើន​សន្ធឹកសន្ធាប់​ចំនួន​ 50.000$ ប្រាំមុឺន​ដុល្លា​សហរដ្ឋអាមេរិក​ដេីម្បី​ព្យាបាល​របួស​របស់​កូន​ខ្ញុំ​បាទ​។ ខ្ញុំ​បាទ​សូមគោរព​ជូនពរ​សម្តេច​តេជោ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ បុត្រា​បុត្រី​និង​ចៅៗ​ជាទីស្រឡាញ់​សូម​មេត្តា​បន្ត​មាន​សុខភាព​ល្អ​ប្រសើរ​ កម្លាំង​ពលំ​មាំមួន​ បញ្ញា​ញាណ​ភ្លឺ​ថ្លា​ អាយុ​យឺនយូរ​ដេីម្បី​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​អោយ​សម្បូរ​ណ៍​រុងរឿង​ថែម​ទៀត​ ។ ជាមួយគ្នា​នេះ​ដែរ​ខ្ញុំ​បាទ​និង​ក្រុម​គ្រួសារ​ក៏​សូម​ថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​ស្រី​ ពុធ​ ធីតា​ប្រធាន​ក្លឹប​និង​ស្វាមី​ លោក​បែរ​ មករា​អ្នក​ចាត់ការ​ទូទៅ​របស់​ក្លឹប​បាល់ទាត់​បឹងកេត​ដែល​បាន​ខ្នះខ្នែង​ជ្រោមជ្រែងលះបង់​កម្លាំង​កាយ​និង​ថវិកា​​តាំង​ពី​ពេល​របួស​រហូត​ដល់ពេល​នេះបាន​និងកំពុង​រៀបចំ​បែបបទ​ដេីម្បី​ចេញទៅ​វះកាត់​នៅ​ប្រទេស​ថៃ​ ។ សូមអរគុណ​ដល់​បងប្អូន​ កូនក្មួយ​និងចៅៗ​និង​ហ្វេនទាំងអស់​ដែល​បាន​បារម្ភ​និង​ជូនពរ​ អោយ​កូន​ប្រុស​របស់​ខ្ញុំ​ឆាប់​ជាសះស្បើយ​ដូចដេីម​ឡេីងវិញ​។ ដោយ​សេចក្ដី​គោរព​ដ៏ខ្ពង់ខ្ពស់​បំផុត​»។

អត្ថបទពាក់ព័ន្ធ៖អតីតប្រធានក្លិបវិសាខា ថ្លែងសារជូនពរ ចាន់ វឌ្ឍនាកា ឆាប់បានជាសះស្បើយពីរបួស

កីឡាករឆ្នើមរហស្សនាម CV11 រូបនេះបានរងរបួសជង្គង់នៅនាទី៣០ ក្នុងការប្រកួតពានរង្វាន់ Prince Beer Pre-Season Cup 2022 ពូល B រវាងក្រុមបាល់ទាត់ វិសាខា​ ទល់នឹង បឹងកេត នាថ្ងៃទី២៦ ខែមករា​ ម្សិលមិញនេះ នៅពហុកីឡដ្ឋានព្រីដស៍។

បន្ទាប់ពីធ្វើការតាមដានពិនិត្យយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ពីគ្រូពេទ្យឯកទេស ជាលទ្ធផល ស្ថានភាពរបួសបានឲ្យឃើញថាកីឡាករ ចាន់ វឌ្ឍនាកា បានដាច់សរសៃរជង្គង់ខាងស្ដាំ ACL (Anterior Cruciate Ligament)។

អត្ថបទពាក់ព័ន្ធ៖វិវត្តចុងក្រោយ! ចាន់ វឌ្ឍនាកា ដាច់សរសៃរជង្គង់ខាងស្ដាំ ACL ត្រូវធ្វើការវះកាត់

ដូចនេះកីឡាករវ័យ ២៨ឆ្នាំ រូបនេះអាចនឹងត្រូវអវត្តមានពីទីលានរយ:ពេលយូរដោយត្រូវធ្វើការវះកាត់ និង សំរាករយៈពេលចម្លោះពី ៦ ដល់ ៨ខែ ខណ:ពេលនេះក្លិបបាល់ទាត់ បឹងកេត កំពុងរៀបចំដើម្បីឲ្យគាត់បានធ្វើការវះកាត់៕

Telegram-Troryorng

Share.