អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ (ន.ទ.ក) បានចាត់វិធានការបិទខ្ទប់គេហទំព័រ ចំនួន ១២៣ (ដូចមានភ្ជាប់ជូន) ដែលកំពុងធ្វើប្រតិបត្តិការនិងផ្តល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ខុសច្បាប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ដែលបានប្រកាសព័ត៌មាន កាលពីថ្ងៃទី២៨ ខែមករា ២០២០។

រូបតំណាង

សេចក្ដីប្រកាសព័ត៌មានដដែលបានសរសេរទៀតថា (ន.ទ.ក)  ធ្លាប់បានចាត់វិធានការបិទគេហទំព័រដែលដំណើរការអាជីវកម្ម ប្រភេទនេះចំនួន ៧៩ រួចមកហើយ។ ន, ទ. ក. នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រដែលធ្វើប្រតិបត្តិការនិងផ្តល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ដែលផ្ទុយច្បាប់ និងសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៧ សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច តាមរយៈអ៊ីនធឺណិតអនឡាញក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទ ក្នុងគោលដៅចូលរួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។

និយ័តករទូរគមនាគមន៍កម្ពុជា បានអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមរាយការណ៍ជូន ន. ទ. ក. តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមបណ្តាញសង្គម Facebook “និយ័តករទូរគមនាគមន៍កម្ពុជា -Telecommunication Regulator of Cambodia” នូវគេហទំព័រដែលកំពុងដំណើរការល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោតខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ ន. ទ. ក, នឹងរក្សាការសម្ងាត់ជូន៕

Share.