កន្លងមក ចៅខ្មែរ ត្រូវរងពាក្យសម្ដីមើលងាយរិះគន់ពីបណ្ដាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកបានបើកបង្ហាញខ្លួនជាបុរសដែលស្រឡាញ់ភេទដូចគ្នា និងបានចាប់ដៃគ្នាជាមួយលោក ខុន ខេមរិន្ទ ចូលរោងការដោយមិនលាក់លៀម និងមានភាពអៀនខ្មាសថែមទៀត។ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងអ្នករិះគន់មួយចំនួន ក៏បានបង្ហាញទស្សនមួយដោយលើកឡើងថា «មនុស្សស្រលាញ់ភេទដូចគ្នា គឺគ្មានអនាគតទេ»។

ការយល់ឃើញបែបនេះ គឺកាន់តែធ្វើឱ្យ ចៅខ្មែរ និងស្វាមី មានកម្លាំងចិត្តតស៊ូក្នុងជីវិត និងបង្ហាញឱ្យមហាជនឃើញវិញថា ភាពជោគជ័យ រីកចម្រើន មិនអាស្រ័យនៅលើភេទនោះទេ។ តើ ចៅខ្មែរ បានកែប្រែវាសនារបស់ខ្លួនតាមរបៀបណា?

ក្រោយចាប់ដៃគ្នាជាគូស្នេហ៍ភេទដូចគ្នា ចៅខ្មែរ បានធ្វើឱ្យមហាជនគ្រប់ស្រទាប់ទទួលស្គាល់ថា លោកជាបុគ្គលដែលមានជំនួញអនឡាញគ្រប់ប្រភេទនៅក្នុងដៃ និងកាន់តែជោគជ័យទៀតនោះ គឺលោកមានប្រេនផលិតផលគ្រឿងសម្អាងដោយផ្ទាល់ខ្លួន។ ដំបូងឡើយ ចៅខ្មែរ បានចាប់ផ្ដើមពីការ Live លក់កាបូបប្រេន នៅលើបណ្ដាញសង្គមហ្វេសតែប៉ុណ្ណោះ។ តែដោយសារភាពកំប្លុកកំប្លែង និយាយលេងសើចជាមួយអតិថិន និងអានរាល់ Comment របស់ភ្ញៀវមិនរំលង ទើបធ្វើឱ្យពីមួយថ្ងៃទៅមួយថ្ងៃ ការលក់របស់លោកកាន់តែរីកចម្រើនខ្លាំងជាលំដាប់។

លុះមកទល់ពេលមួយដែលទីផ្សារក្នុងស្រុក ពេញនិយមជាមួយផលិតថែរក្សាសម្រស់ និងការប្រកួតប្រជែងទីផ្សារតំណាងចែកចាយផលិតផលប្រេន ចៅខ្មែរ ក៏បានបញ្ចេញប្រេនផលិតរក្សាសម្រស់ដោយខ្លួនឯង និងបានទទួលស្គាល់ពីក្រសួងសុខាភិបាល។ ការកសាងទំនុកចិត្តឱ្យអតិថិជន គឺជាហេតុផលសំខាន់មួយដែលធ្វើឱ្យ ចៅខ្មែរ លក់ផលិតផលកាន់តែដាច់ និងមានតំណាងចែកចាយច្រើន។ រហូតមកទល់បច្ចុប្បន្ននេះ ចៅខ្មែរ និងគូស្នេហ៍មានទ្រព្យច្រើននៅក្នុងដៃ គួរឱ្យកត់សម្គាល់។

ចៅខ្មែរ មានលទ្ធភាពទិញអចលនៈទ្រព្យនៅក្នុងបុរីតម្លៃរាប់ម៉ឺនដុល្លារ ទិញថយន្តស៊េរីទំនើបឆ្នាំចុងក្រោយតម្លៃជាង១០ម៉ឺនដុល្លារ និងមានកូនប្រុសម្នាក់វ័យ៤ឆ្នាំហើយ។ លោកបានរៀបចំពិធីឡើងផ្ទះថ្មីកាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះផងដែរ ដែលមានបណ្ដាអ្នកសិល្បៈ និងបុគ្គលក់អនឡាញល្បីៗបានចូលរួមសាទរចំពោះភាពជោគជ័យរបស់លោក។ លោកក៏បង្ហើបថា លោកមានគម្រោងនឹងយកកូនស្រី២នាក់បន្ដទៀត ដោយផ្ញើមេជីវតនឹងស្ដ្រីទទួលការងារពរពោះនៅប្រទេសថៃ។

ទន្ទឹមនឹងទទួលបានភាពជោគជ័យក្នុងកម្រិតនេះ ចៅខ្មែរ ក៏ធ្លាប់ជួបរឿងបរាជ័យជាច្រើន លោកនិយាយថា លោកបានរកស៊ីខាតអស់ជាង ៧ ម៉ឺនដុល្លារ រហូតដល់សល់តែលុយ ៣០០០០រៀលនៅក្នុងហោប៉ៅខោ។ ការបរាជ័យនេះ បានធ្វើឱ្យលោកប្រឹងប្រែងតស៊ូម្ដងទៀត រហូតដល់ហ៊ានលក់របស់មានតម្លៃជាច្រើន ដើម្បីប្រមូលជាទុនយកមកបង្កើតរបររកស៊ីថ្មីបន្ដទៀតផងដែរ។ ទាំងអស់នេះជាអ្វីដែលលោកចង់បង្ហាញពីការប្រឹងប្រែង ដោយខុសពីសម្ដីដែលគេមើលងាយ៕

Telegram-Troryorng
Share.