បុរសម្នាក់បានស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូបុកគ្នាពេញយ៉ាងពេញ ទំហឹងនៅត្រង់ចំណុចស្តុបផ្លូវបំបែកជាបួន។

ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ខែមករាឆ្នាំ ២០២២ ស្ថិតនៅចំណុចស្តុបវិទ្យាល័យ យុគន្ធ ផ្លូវវិថីព្រះសីហនុ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ រឹម សាវន់អាយុ២៦ ឆ្នាំ មានស្រុកកំណើតនៅ ភូមិក្រូច ឃុំ ជាងដែក ស្រុកកំពង់ត្របែកខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FV-7332ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះសីហនុក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ត្រង់ចំណុចស្តុបផ្លូវបំបែកភ្លើងស្តុបពណ៌បៃតងក៏បន្តដំណើរទៅមុខស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1J-8827ដឹកកញ្ឆេនំប័ងជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយ ផ្លូវ១០៥ ក្នុងទិសដៅពីត្បូងទៅជើងបានបំពានភ្លើងស្តុបក្រហមក្នុងល្បឿនលឿនជ្រុលបុក ម៉ូតូឌ្រីមសង់០១៦ ពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដួលបោកនឹងផ្លូវស្លាប់មួយរំពេច នៅនឹងកន្លែងកើតហេតុ ចំណែកភាគីបង្កជិះម៉ូតូឌ្រីមសង់ ០៧ទុកតែម៉ូតូចោល គេខ្លួនបាត់ស្រមោល។

ក្រោយមកកម្លាំងសមត្ថកិច្ចជំនាញខណ្ឌបានចុះធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក។ចំណែកសពត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំស្រាវជ្រាវរកសាច់ញាតិដឹកយកទៅធ្វើ បុណ្យទៅតាមប្រពៃណី៕

អត្ថបទ៖សាវី

Share.