ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋ សហការជាមួយជនរងគ្រោះ ដេញចាប់ឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ ស្រមោល ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីប្រពន្ធរបស់មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានសម្រេចហើយ ព្យាយាមជិះរត់គេច តែត្រូវបានកូនស្រីជនរងគ្រោះ ស្រែកប្រដេញតាម បំបុកដួលទាំងជនរងគ្រោះ២នាក់ម្តាយកូនផងដែរ ហើយពលរដ្ឋនាំគ្នាក្របួចជាប់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២៩ ខែមករា សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់បានធ្វើដំណើរចេញពីផ្ទះ នៅសង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ក្នុងគោលបំណងឆ្ពោះទៅផ្សារអូរឫស្សី ដើម្បីរកទិញឥវ៉ាន់ ត្រៀមសម្រាប់ថ្ងៃចូលឆ្នាំចិន ដោយកូនស្រីជាអ្នកឌុប ធ្វើដំណើរកាត់តាមផ្លូវ១៥៥ ពីត្បូង ទៅជើង។ លុះដល់ចំណុចកើតហេតុ កែងផ្លូវ៤៥៤ ស្រាប់តែលេចមុខជនសង្ស័យគ្នា២នាក់ ជិះម៉ូតូម៉ាកBeat មិនចាំស្លាកលេខ តាមពីក្រោយ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក iPhone 13 Pro បានសម្រេចហើយ ព្យាយាមជិះគេច ត្រូវបានកូនស្រីរបស់ជនរងគ្រោះដេញតាមទាន់ បំបុកដួលទាំងអស់គ្នា ស្រែកឆោឡោ ពលរដ្ឋជួយចាប់បានម្នាក់ ជនសង្ស័យម្នាក់ទៀត ស្ទុះលើកម៉ូតូ បើកបន្តគេចខ្លួន ។

ក្រោយហេតុការណ៍ខាងលើ ជនរងគ្រោះ របួសចង្កា ដៃ រីឯម្តាយ រងរបួសជើង និងយក បានទូរស័ព្ទដៃមកវិញ ។

ក្រោយពីចាប់បាន ជនសង្ស័យម្នាក់ត្រូវបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទួលទំពូង១ ដើម្បី សាកសួរ និងកសាងសំណុំរឿង តាមបណ្តឹងរបស់ជនរងគ្រោះ ៕

អត្ថបទ៖សាវី

Share.