ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងករណី២ផ្សេងគ្នា ត្រូវបានបងប្អូនប្រជាពលរដ្ឋ ចាប់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច ក្រោយធ្វើសកម្មភាពផ្សេងគ្នា ។

ករណីទី១ កំពូលចោរឆក់វ័យក្មេង ជាប់ពន្ធនាគារ ម២ មិនរាងចាល ចេញមកវិញ ធ្វើសកម្មភាពឆក់កាបូបលុយ បានសម្រេច រត់មិនរួច កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវ៣០ម៉ែត្រ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានម្នាក់ និងម៉ូតូមួយគ្រឿង ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២ ។ ចំណែកករណីទី២ ជនសង្ស័យ ធ្លាប់ជាប់ពន្ធនាគារដូចគ្នា វិលវិញ ដើរធ្វើសកម្មភាពលួច ទ្រព្យសម្បត្តិតាមបន្ទប់ផ្ទះជួល បានសម្រេចហើយ រត់មិនរួច ពលរដ្ឋព័ទ្ធចាប់ខ្លួនប្រគល់ឲ្យ នគរបាលប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិសែនជ័យ នៅព្រឹកថ្ងៃទី៣១ ខែមករា នេះដែរ ។

ជនសង្ស័យទាំងពីរនាក់ដែលពលរដ្ឋបានចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ជនសង្ស័យក្នុងករណីទី១ ហស្សនាម កំពូលចោរឆក់វ័យក្មេង ជាប់ពន្ធនាគារមិនរាងចាល មានឈ្មោះ សំបុណ្យ ពុធ្ធិជ័យ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ ឆក់ លួច មានទីលំនៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ធ្លាប់ជាប់ពន្ធនាគារ ម២ ទើបចេញមកវិញបាន២ខែ ល្បីខាងឆក់ ក្នុងភូមិសាស្ត្រ ខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ។ ចំណែកជនរងគ្រោះ ក្នុងករណីឆក់លើកនេះ មានឈ្មោះ កែវ គឹមឡេង ភេទប្រុស អាយុ៤២ឆ្នាំ និង ប្រពន្ធឈ្មោះ ជក់ សារ៉ស់ អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ។ លុយកាក់ក្នុងកាបូប ជិត១លានរៀល និងគ្រឿងអលង្ការ បានដកហូតមកវិញ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់ជិះម៉ូតូឌុបគ្នា ទៅរកទិញឥវ៉ាន់ នៅផ្សារបុរីសន្តិភាព២ តាមផ្លូវ៣០ម៉ែត្រ។ ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JB-8135 ធ្វើសកម្មភាពឆក់កាបូបលុយ បានសម្រេចហើយ ជនរងគ្រោះស្រវាចាប់កអាវជនសង្ស័យ បណ្តាលឲ្យដួល ទាំង៤នាក់ ស្ទុះចាប់ជនសង្ស័យបានម្នាក់ និងម៉ូតូមួយគ្រឿង ចំណែកជនសង្ស័យម្នាក់ទៀត រត់ឡើងជិះម៉ូតូរបស់បក្ខពួកម្នាក់ទៀតម៉ាកនិង ពណ៌ក្រហម គេចខ្លួនបាត់ ។

ក្រោយពីចាប់ខ្លួនជនសង្ស័យឆក់បានម្នាក់ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី២ នាំទៅសាកសួរ កសាងសំណុំរឿងតាមនីតិវិធី ។

ពលរដ្ឋជនរងគ្រោះ

ចំណែកករណីទី២ ជនសង្ស័យកំពូលលួច មានឈ្មោះ ស្រ៊ុន ចិត្ត្រា ភេទប្រុស២៤ឆ្នាំ មុខរបរដើរលួច ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិម្ជូរក្រូច សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។ ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារ នៅម១ បទលួច ចេញមកវិញមិនរាងចាល ។

តាមប្រភពបានឲ្យដឹងថា ជនសង្ស័យដើរធ្វើសកម្មភាព ដោយប្រើប្រាស់ដងឫស្សី កាវ ថ្ពក់ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅតាមបន្ទប់ជួល រួមជាមួយបក្ខពួក២នាក់ទៀត នៅរំលងអធ្រាត្រ ចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ លួចបានសម្រេចហើយ ផ្អើលប្រជាពលរដ្ឋ ដេញចាប់បានម្នាក់ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់  ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.