កីឡាករ​បាល់ទះ​ Yuji Nishida សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​រង​របួស​ធ្ងន់​​អំឡុង​ពេល​​ប្រកួត​កម្ដៅ​សាច់ដុំ​ក្នុង​ស្រុក​កាល​ពី​ពេល​ថ្មីៗ រហូត​ដល់​ត្រូវ​សែង​ចេញ​ពី​ទីលាន ហើយ​របួស​នេះ​​កើត​ឡើង​នៅ​ប៉ុន្មាន​ខែ​មុន​ពេល​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក 2020 Olympic Games ក្នុង​ទីក្រុង​តូក្យូ ​នឹង​ចាប់​ផ្ដើម​នៅ​ពាក់កណ្ដាល​ខែ​​កក្កដា ខាង​មុខ​នេះ។

​សារព័ត៌មាន 163 របស់​ជប៉ុន បាន​បញ្ជាក់​ថា Yuji Nishida បាន​រង​របួស​ក្នុង​ប្រកួត​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​៩ ខែ​ឧសភា ឆ្នាំ​២០២១ ថ្មី ហើយ​របួស​នេះ​ត្រូវ​ចាត់ទុក​ថា​មិន​ត្រឹម​តែ​ប៉ះ​ពាល់​តែ​លើ​កីឡាករ​វ័យ​២១​ឆ្នាំ​នេះ​នោះ​ទេ គឺ​​ប៉ះ​ពាល់​ដល់​បច្ចេកទេស​ក្រុម​ទាំង​មូល​តែ​ម្តង។ សមាគម​កីឡា​បាល់ទះ​ជប៉ុន នៅ​មិន​ទាន់​បង្ហាញ​ពី​ស្ថានភាព​ចុង​ក្រោយ​​នៃ​របួស​របស់​កីឡាករ​រូប​នេះ​នោះ​ទេ។

​កីឡាករ​ Yuji Nishida បាន​រង​របួស​កជើង​ស្ដាំ​បន្ទាប់​ពី​ព្យាយាម​លោត​​ប៉ារ៉ាស់​បាល់ ហើយ​រូប​គេ​មិន​អាច​ងើប​ដើរ​ដោយ​ខ្លួន​បាន​នោះ​ទេ។ លោក Yuichi Nakagaichi ថា​ស្ថានភាព​របួស​កូន​ក្រុម​ខ្លួន​គឺ​ដូចគ្នា​នឹង​ហេតុការណ៍​កាល​ប្រកួត​ជម្រុះ World Cup កាល​ពី​ឆ្នាំ​២០១៨ កន្លង​ទៅ​ប៉ុន្តែ​លើក​នេះ​ហាក់​ដូចជា​ធ្ងន់​ជាង​មុន។

ក្រុម​បាល់ទះ​ក្នុង​សាល​របស់​ជប៉ុន នេះ​ស្ថិត​នៅ​​បញ្ជី​​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ពិភពលោក 2021 FIVB Volleyball Men’s Nations League ដែល​នឹង​ចាប់​ផ្ដើម​ពី​ចុង​ខែ​ឧសភា នេះ​តទៅ​ហើយ ដោយ​ធ្វើ​នៅ​ទីក្រុង Rimini ប្រទេស​អ៊ីតាលី ដែល​មាន​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ​មក​ពី​ជុំ​វិញ​ពិភពលោក។ តាម​ផែនការ​​ជប៉ុន ប្រកួត​ដំបូង​ជប៉ុន ត្រូវ​ប្រកួត​វិលជុំ​ជាមួយ​អ៊ីរ៉ង់ នៅ​​ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ​២០២១។ តែ​ លោក Yuichi Nakagaichi នៅ​តែ​បង្ហាញ​ចេតនា​ចង់​នាំ​យក​កីឡាករ Yuji Nishida ទៅ​​អ៉ីតាលី ដែរ។

អត្ថបទពាក់ព័ន្ធ៖ចិន ប្រកាស​ដក​ខ្លួន ខណៈ​ហុល្លង់ ចូល​ជំនួស​ក្នុង​ពានរង្វាន់​បាល់ទះ​​កម្រិត​ពិភពលោក Nations League

ចំណែក​ការ​ប្រកួត​នៅ​ក្នុង​អូឡាំពិក​វិញ ម្ចាស់​ផ្ទះ​ជប៉ុន ស្ថិត​ក្នុង​ពូល A ជាមួយ​ប៉ូឡូញ អ៊ីតាលី កាណាដា អ៊ីរ៉ង់ និង​វេណេហ្ស៊ុយអេឡា ហើយ​ពូល B មាន​ប្រេស៊ីល អាមេរិក រុស្ស៊ី អាហ្សង់ទីន បារាំង​និង​ទុយណេស៊ី។

Share.