នៅក្នុងពិព័រណ៍«ម្ចាស់ទឹកម្ចាស់ដី» សិល្បករ ខ្វៃ សំណាង តាំងបង្ហាញរូបបង្គុំរបាំងមុខនាគចំនួន ២ក្បាំង ក្រុងពីវល្លិ វីដេអូលើអេក្រង់២ និងរូបថតចំនួន ៥ សន្លឹកដែលដកស្រង់ចេញពីកម្រងស្នាដៃពពិល(២០១៨)។ ស្នាដៃរបស់លោក បានបង្កប់ទស្សនៈស៊ីជម្រៅ និងបានដំណាលពីសាច់រឿងរបស់ព្រេងកថានៃពិធីបង្វិលពពិល។ តើស្នាដៃ«ពពិល» ឆ្លុះបង្ហាញពីអ្វី?

ពិធីបង្វិល«ពពិល» គឺជាពិធីមួយដែលប្រជាជនខ្មែរតែងតែធ្វើឡើងនៅក្នុងពិធីកាត់សក់បង្កក់ឆ្មបឆ្លងវ័យមង្គលការ ឬបុណ្យសពនិងពិធីផ្សេងៗទៀត។ គេធ្វើពិធីនេះដើម្បីអន្ទងហៅព្រលឹងទាំង ១៩ របស់បុគ្គលឱ្យមកចូលប្រសព្វក្នុងខ្លួនវិញ ព្រោះបើខ្វះព្រលឹងណាមួយនោះច្បាស់ទៅជាឈឺ ឬ មិនស្រួលដោយប្រការណាមួយមិនខាន។ នៅក្នុងពិធីមង្គលការ គេបង្វិលពពិលដើម្បីហៅព្រលឹង ទាំងអស់របស់គូរស្វាមីភរិយាថ្មីមកវិញ និងដើម្បីបង្កភោគផល ឬក៏កំណកំណើតកូនចៅដល់គូរនោះ។

សិល្បករ ខ្វៃ សំណាង

ដោយឡែកឯស្នាដៃ «ពពិល» របស់សិល្បករ ខ្វៃ សំណាង វិញគឺជាការសម្តែងជាមួយក្បាច់របាំថ្មីមួយដោយនាដកាពីររូបគឺ មុត ផាវ៉ាន់ និង សុត សុវណ្ណឌី ស្តែងចេញជារឿងមេត្រីភាពរវាងសត្វនាគមួយគូ ។ តាមរយៈខ្សែវីដេអូ ដែលបានចាក់បញ្ចាំងនៅក្នុងលើអេក្រង់ទូរទស្សន៍ដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍នោះ គេឃើញនាគមួយគូនេះរាំក្បាច់ពត់ពនហោះហើរររា បង្វិលននៀល និងធ្វើដំណើរយាត្រាចរពីភូមិភាគ ខាងជើងនៃប្រទេសកម្ពុជា មកដល់ទីក្រុងភ្នំពេញហើយឆ្ពោះទៅភូមិភាគខាងត្បូងប្រទេស ឆ្លងកាត់ ព្រៃភ្នំ សមុទ្ទបឹងបួ និងទីក្រុងដែលកំពុងអភិវឌ្ឍនិងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

កាយវិការបង្វិល និង ក្បាច់រាំរបស់ពួកគេមិនត្រឹមតែបង្ហាញពីភាពស្និទ្ធស្នាល ស្នេហាមេត្រីភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញភាពតានតឹងនិងជម្លោះ ក៏ដូចជាដំណើររឿងផ្សេងៗតាមបែបបួងសួងក្នុងពិធីសាសនាផងដែរ។ ការសម្តែងរបស់នាគទាំងពីរ នៅលើទីតាំងភូមិសាស្ត្រសំខាន់ៗទាំងនេះហាក់ចង្អុលលើសពី ទំនាក់ទំនងស្នេហា ដល់ទំនាក់ទំនងនយោបាយស្មុគស្មាញរវាងតួអង្គពីរនៅលើទឹកដីមួយនេះ។ ការសម្ដែងរបាំ«ពពិល»មិនត្រូវបានប្រើប្រាស់ភ្លេងបុរាណខ្មែរដើម្បីអមការសម្ដែងដំណើររឿងនោះទេ តែអ្វីដែលពិសេសនោះគេសិល្បករ ខៃ សំណាង បានប្រើសំឡេងចង្ក្រង់ជើង ដើម្បីបង្ហាញពីសូរទំនាក់ទំនងរបស់នាគទាំងពីរ។

លោកអ្នកអាចចូលរួមទស្សនាពិព័រណ៍«ម្ចាស់ទឹកម្ចាស់ដី» នៅវិចិត្រសាលសិល្បៈស-ស ដែលរៀបចំឡើងតាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២៕

Telegram-Troryorng
Share.