ភ្នំពេញ ៖ យុវជនម្នាក់ប្រដាប់ដោយឧបករណ៍ សម្ភារៈ សម្រាប់ឆ្កឹះសោ ឡើងទៅលើផ្ទះជួលជាន់ទី២ ដើរឆ្កឹះសោបន្ទប់ជួល ប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែមិនទាន់បានសម្រេចផង ត្រូវបានម្ចាស់ផ្ទះតាមទាន់ ស្រែកឆោឡោ ផ្អើលពលរដ្ឋព័ទ្ធចាប់ឃាត់ខ្លួន យកទៅប្រគល់ឲ្យប៉ុស្តិ៍នគរបាល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅផ្ទះជួលក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ រឺន ឌី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិចេកធ្លក ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។ សមត្ថកិច្ចឆែករកឃើញនិង ដកហូតបាន ឧបករណ៍សម្រាប់ឆ្កឹះសោ និងសម្ភារៈមួយចំនួនទៀត ។ ចំណែកម្ចាស់ផ្ទះជួល ជាដើមបណ្តឹង មានឈ្មោះ ឈឹម សុផាត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅផ្ទះកើតហេតុ ។

តាមសម្តីម្ចាស់ផ្ទះជួល បានឲ្យដឹងថា ផ្ទះជួលរបស់គាត់ជាច្រើនលើកមកហើយ ជនសង្ស័យបន្លំចូលទៅធ្វើសកម្មភាពលួច ឆ្កឹះសោបន្ទប់ជួល លួចទ្រព្យសម្បត្តិ តែមិនដែលតាមទាន់ជនសង្ស័យ បានត្រឹមឃើញក្នុងកាមេរ៉ាសុវត្តិភាព ទើបតែនៅរសៀលថ្ងៃនេះ ជនសង្ស័យស្ពាយកាបូប ឡើងទៅជាន់ទី២ ធ្វើសកម្មភាពឆ្កឹះសោបន្ទប់ សង្ស័យពិនិត្យជាក់ស្តែង ដូចភិបភាពក្នុងកាមេរ៉ាសុវត្តិភាព ធ្លាប់លួចកន្លងមក ស្រែកឆោឡោ នាំគ្នាចាប់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច ឆែករកឃើញឧបករសម្រាប់ឆ្កឹះសោ នាឡិកាដៃ២គ្រឿង និងសម្ភារៈ មួយចំនួនទៀត ។

ក្រោយពីចាប់ខ្លួនបាន សមត្ថកិច្ចឃាត់ខ្លួន យោងតាមបណ្តឹងរបស់ម្ចាស់ផ្ទះ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌអនុវត្តបន្តតាមនីតិវិធី ៕

Share.