ភ្នំពេញ៖ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញអណ្តាតភ្លើងឆាបឆេះចេញពីផ្ទះមួយល្វែងលេខ 217 ក្នុងបុរីពិភពថ្មីកួរស្រូវ 3 បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរខាង និងកម្លាំងសន្តិសុខការពារនៅក្នុងបុរី ចេញមកជួយពន្លត់។

ប្រជាពលរដ្ឋ និងកម្លាំងសន្តិសុខបានប្រើប្រាស់នូវបំពង់អគ្គីភ័យនិងរថយន្តរបស់បុរីតែដោយសារតែទុយោមានលក្ខណៈតូច ទើបពិបាកក្នុងការបាញ់ពន្លត់បណ្ដាលអោយអគ្គីភ័យ ឆេះរាលដាលដល់រថយន្តមួយគ្រឿងនៅខាងមុខផ្ទះ និងឆេះរាលដាលដល់ផ្ទះមួយល្វែងទៀតលេខ 219 ដែលនៅក្បែរនោះ។

ករណីគ្រោះអគ្គីភ័យនេះកើតឡើងនៅវេលាម៉ោង 1 រំលងទៀតឈានចូលថ្ងៃទី 3 ខែកុម្ភៈឆ្នាំ 2022 ក្នុងបុរីពីភពថ្មីកួរស្រូវ 3 ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីគ្រោះអគ្គីភ័យនេះមិនបណ្ដាលអោយមានអ្នករងគ្រោះនោះទេគ្រាន់តែបានឆេះបំផ្លាញទ្រព្យសម្បត្តិអស់មួយចំនួននៅក្នុងផ្ទះទាំងពីរល្វែងនឹងរថយន្ត ហីឡាក់រ៉េវ៉ូ មួយគ្រឿងពណ៌ខ្មៅ។

ចំពោះប្រតិបត្តិការបាញ់ពន្លត់វិញប្រជាពលរដ្ឋនិងកម្លាំងសន្តិសុខនៅក្នុងបុរីពិភពថ្មីបានប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យអស់មួយចំនួន ប្រើប្រាស់រថយន្តរបស់បុរីបាញ់ទឹកអស់មួយរថយន្តទើបគ្រប់គ្រងអគ្គីភ័យបាន 100%។

Share.