ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះឌុបគ្នា២នាក់ ហ្វ្រាំងមិនទាន់ ជ្រុលបុកផ្ទប់នឹងរថយន្តកុងតឺន័រ បត់ឆ្លងផ្លូវកាត់ពីមុខបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ នៅតាមផ្លូវហាណូយ ខាងជើងក្បែរភ្លើងស្តុប ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

ជនរងគ្រោះរបួសធ្ងន់ ឈ្មោះ សុីម វីរៈ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកគ្លីនិកកែសម្ភស្ស រងរបួសធ្ងន់ ជាអ្នកបើកបរម៉ូតូ ម៉ាកហុងដាឌ្រីម សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AU-7837 ចំណែកជនរងគ្រោះ របួសស្រាល ឈ្មោះ កាយ សុធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងស្នាក់នៅជាមួយគ្នា នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មានស្រុកកំណើត ទីរួមខេត្តសៀមរាប ខេត្តសៀមរាប ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោអជិះម៉ូតូឌុបគ្នាធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកុងតឺន័រម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ3A-1361 កំពុងបើកនៅខាងស្តាំស្របទិសគ្នា បត់ឆ្លងផ្លូវកាត់ពីមុខ ទើបធ្វើឲ្យហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកផ្ទប់តែម្តង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។

ក្រោយកើតហេតុ ជនរងគ្រោះរបួសធ្ងន់ម្នាក់ ត្រូវបានទៅមន្ទីរពេទ្យ នៅសល់តែជនរងគ្រោះម្នាក់ ទោះជានិយាយសម្រួលគ្នាក៏មិនត្រូវ មានតែប្រគល់ឲ្យសមត្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន រងចាំភាគីសងខាងចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយទៀត ៕

Share.