ភ្នំពេញ ៖ រថយន្តកូរ៉េដឹកអំបោសដើរលក់ ហ្វ្រាំងមិនទាន់ជ្រុលកិនកង់ក្មេងប្រុសម្នាក់ ស្លាប់យ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវលេខ៥ ក្នុងបុរីសន្តិភាព២ ក្រុម១៥ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ក្មេងប្រុសរងគ្រោះឈ្មោះ ស៊ាប សុខមីង ហៅឃាង អាយុ៩ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅក្បែរកន្លែងកើតហេតុ ។ ចំណែក រថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-9275 ដឹកអំបោសដើរលក់ បើកបរដោយឈ្មោះ ឆិល កក្កដា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិបឹង ឃុំ ជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានស្រុកកំណើត ភូមិត្រពាំងក្រេឡាង ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះជិះកង់ វិលមកពីសាលារៀន ជិះតាមផ្លូវក្នុងបុរី ពីកើតទៅលិច ដល់ចំណុចកើតហេតុ បត់ស្តាំឆ្ពោះទៅជើង ក៏ប៉ុន្តែត្រង់ចំណុចកើតហេតុ សភាពផ្លូវខូច ទួលថ្ម ក្មេងរងគ្រោះជិះឡើង រអិលដួល ស្របពេលដែលរថយន្តបង្ក បើកពីជើងទៅត្បូងហ្វ្រាំងមិនទាន់ ជ្រុលកិន រងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកដឹកយកចេញ បានបន្តិច ក្មេងរងគ្រោះបានស្លាប់ ទើបដឹកយកទៅផ្ទះក្បែរនោះតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង វាស់វែង យករថយន្ត កង់ និងអ្នកបើកបររថយន្ត ទៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Share.