លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានប្រកាសគាំទ្រផ្នែកផ្លូវច្បាប់ដើម្បីស្វែងរកយុត្តិធម៌ជូន ពិធីការិនី MYTV មាន ពេជ្ររីតា ក្នុងសំណុំរឿងប្ដឹងផ្ដល់ទៅវិញទៅមករវាងពិធីការិនី និងឧកញ៉ាម្នាក់។ ទន្ទឹមនឹងនេះ លោក ហេង ឡុង ស្នើឲ្យមហាជនរក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ខណៈយើងនៅមិនទាន់ដឹងខាងណាខុសនឹងត្រូវនៅឡើយ។

ថ្មីៗនេះ ពិធីការិនី MYTV មាន ពេជ្ររីតា បានប្ដឹងបក លោកឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ គឺធ្វើឡើងក្រោយពេលដែលតុលាការបានសម្រេចចោទប្រកាន់កញ្ញាពីបទ «លួចមានស្ថានទម្ងន់ទោស» (យកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះចំនួន ០២កាំបិត រួចយកទូរស័ព្ទដៃ១គ្រឿងម៉ាក Iphone 12 Pro max បណ្ដាលឱ្យរងរបួសលើក្បាលពោះខាងស្ដាំធ្ងន់ធ្ងរ) កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ កន្លងមក។
លោក ហេង ឡុង បានប្រាប់សារព័ត៌មានត្រយង នៅរសៀលថ្ងៃទី១២ ខែឧសភា ២០២១ថា ផ្អែកតាមវីដេអូដែលបានចែកចាយលើបណ្ដាញសង្គម ឃើញថា ភាគីខាងស្រីហាក់មានភាពភ័យរន្ធត់ ខណៈខាងប្រុសបែរជាប្ដឹងចោទពីបទលួចទូរសព្ទ និងចាក់បណ្ដាលឲ្យរបួស។ «រឿងខុសនឹងត្រូវយើងនៅមិនទាន់ដឹងច្បាស់នៅឡើយ ខ្ញុំបានចាត់ឲ្យមេធាវីស្រាវជ្រាវរឿងនេះហើយ ក្នុងនាមសមាគមយើងនឹងព្យាយាមស្វែងរកយុត្តិធម៌ជូន ពិធីការិនីខាងលើនេះ»។
ទាក់ទងនឹងករណីការប្ដឹងទៅវិញទៅមករវាងពិធីការិនីទូរទស្សន៍ និង ឧកញ៉ាខាងលើនេះ លោក ហេង ឡុង បានស្នើឲ្យមហាជនរក្សាភាពស្ងប់ស្ងាត់ ដោយទុកលទ្ធភាពឲ្យអ្នកច្បាប់ធ្វើតាមនីតិវិធី ហើយមានតែតុលាការប៉ុណ្ណោះ ដែលអាចចាត់ថា នរណាខុសនរណាត្រូវ។ ក្នុងនាមសមាគមគឺព្យាយាមស្វែងរកយុត្តិធម៌ ជូនពិធីការិនី ដែលកំពុងឃុំខ្លួន ក្រោយមានបណ្ដឹងពីឧកញ៉ា ហេង សៀ៕
