នៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រយ៍ តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់ជ្រើសរើសទីតាំងនៃទីលានប្រកួតនៅរាជធានី-ខេត្តចំនួន៥ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។

បើតាមឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់ថារាជធានី-ខេត្តទាំង៥នេះ មានដូចជារាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប និងខេត្តកំពត ដែលត្រូវបានកំណត់រួចមកហើយ ក្នុងគណៈអចិន្ត្រៃយ៍ ប៉ុន្តែត្រូវតែគោរពស្នើសុំការសម្រេចពីសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានCAMSOC ជាមុនសិនទើបផ្លូវការ។
នៅក្នុងកិច្ចប្រជុំនេះគឺផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន២៖
ទី១-ការកំណត់ទីតាំង នៃទីលានប្រកួតកីឡាស៊ីហ្គេម ដែលមានកីឡា៤០ប្រភេទត្រូវកំណត់ទីតាំង
ទី២-ពិភាក្សាពីកម្មវិធីលម្អិត សម្រាប់ពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ។
មន្រ្តីជំនាញខាងលើបន្ថែមថាការកំណត់ទីលានប្រកួតនេះត្រូវបានសហព័ន្ធកីឡាជាតិភាគច្រើនបានឯកភាព និងយល់ស្របទៅនឹងការរៀបចំទីលានប្រកួតរបស់គណៈកម្មការទីលាននៃCAMSOC លើកលែងតែខេត្តកំពត ដែលគ្រោងរៀបចំការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ ត្រូវបានសហព័ន្ធស្នើសុំឲ្យគណៈកម្មការជំនាញចុះពិនិត្យទីតាំងថ្មី នៅជាយក្រុងភ្នំពេញ។
អត្ថបទពាក់ព័ន្ធ៖ការវិវត្តត្រឹមពេលនេះនៃផែនការស៊ីហ្គេម២០២៣ ទាំងធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធ
ដោយឡែកខេត្តសៀមរាប ត្រូវបានជ្រើសរើសសម្រាប់រៀបចំការប្រកួតប្រណាំងកង់, ខេត្តព្រះសីហនុ រៀបចំការប្រកួតម៉ូតូទឹក និងកីឡាទូកក្ដោង, ហើយខេត្តកែប ត្រូវប្រកួតទ្រីយ៉ាងត្លុង រីឯខេត្តកំពត គឺត្រៀមការប្រកួតកីឡាទូកប្រពៃណី ទូកកានូ និងកាយ៉ាក់ (មិនទាន់សម្រេចទេ)។
ចំណែកប្រភេទកីឡាភាគច្រើន ត្រូវប្រកួតនៅរាជធានីភ្នំពេញ ពិសេសនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ។
ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការ អាស៊ានប៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានេះ គឺនៅសល់ពេលជិត២ឆ្នាំប៉ុណ្ណោះ ខណៈពិធីបើកផ្លូវការកីឡាស៊ីហ្គេមនឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទពាក់ព័ន្ធ៖រវាងសៀមរាប កែប ព្រះសីហនុ នឹងជ្រើសមួយធ្វើម្ចាស់ផ្ទះស៊ីហ្គេម ផ្នែកកីឡាទោចក្រយាន
ប្រភព៖Sea Games 2023
