
ក្រុមបាល់ទាត់ Arsenal នៅរដូវកាលឆ្នាំ២០២១-២២ នេះហាក់ដុនដាបជាងរដូវកាលកន្លងទៅ នៅក្នុងលីគកំពូលប្រទេសអង់គ្លេស English Premier League ដោយឈរចំណាត់ថ្នាក់លេខ៩បណ្តោះអាស្ននិងបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Europa Leagueដោយថ្វីជើងក្រុម Villarreal ក្រោមការដឹកនាំរបស់អ្នកចាត់ការក្រុម Mikel Arteta។
ទោះជាមានសភាពដុនដាបបែបណាក៏ដោយ ក៏អ្នកចាំទី Bernd Leno អះអាងថាមាន«ស្ថានភាពក្នុងក្លិបគឺល្អប្រសើរ»។ យ៉ាងណាក្តីតាមពាក្យចចាមអារ៉ាម លេចលឺថាអ្នកចាំទីជនជាតិអាល្លឺម៉ង់ រូបនេះស្ថិតនៅក្នុងបញ្ជីកីឡាករដែលចង់ចាកចេញពីក្លិប រួមជាមួយខ្សែការពារ Hector Bellerinនិងខ្សែបម្រើ Granit Xhaka ជាដើម។
យោងតាមសារព័ត៌មាន eurosport បញ្ជាក់ថា៖«គ្មានអ្នកណាម្នាក់នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ និយាយថាចង់ចាកចេញពីក្លិប (Arsenal) ឬ និយាយថាខ្ញុំមិនសប្បាយចិត្តនៅទីនេះនោះទេ។ យើងមានស្ថានភាពល្អជុំគ្នា តែច្បាស់ណាស់ថារដូវកាលនេះវាជាពេលដ៏ពិបាក ប៉ុន្តែទាំងនេះជាផ្នែកមួយនៃបាល់ទាត់»។ កីឡាករ Bernd Leno បន្ថែម។
អត្ថបទពាក់ព័ន្ធ៖មានអ្នកចង់សាងយកក្រុម Arsenal ក្រោយអ្នកគាំទ្របាតុកម្មដេញប្រធានក្លិបចេញ
សមាជិកជម្រើសជាតិអាល្លឺម៉ង់ រូបនេះបញ្ជាក់ថា៖«ខ្ញុំរីករាយក្នុងជីវិតការងារនៅ Arsenal ហើយ Arsenal នៅតែជាក្រុមធំ កេរ្តិ៍ឈ្មោះល្បីទាំងនៅក្នុងពិភពលោកនិងអង់គ្លេស។ វាមិនល្អទេ ដែលអាណិតខ្លួនឯង តែយើងត្រូវឆ្ពោះទៅមុខ និងផ្លាស់ប្តូរក្នុងគំនិតវិជ្ជមានកាន់តែឆាប់កាន់តែល្អ»។
កីឡាករ Bernd Leno បានចូលរួម Arsenal កាលពីឆ្នាំ២០១៨ ហើយកិច្ចសន្យារបស់គេនឹងផុតនៅឆ្នាំ២០២៣ខាងមុខ។ រូបគេមានកម្ពស់១.៩០ម៉ែត្រ ជាយុវជនថ្នាលនៅក្លិប SV Germania Bietigheim និងក្លិប VfB Stuttgart នៅស្រុកកំណើត ខណៈនៅឆ្នាំ២០០៩ កីឡាកររូបនេះបានចុះកិច្ចសន្យាអាជីពនៅក្លិប VfB Stuttgart II និងដល់ឆ្នាំ២០១១ បានផ្ទេរទៅកាន់ក្លិប Bayer Leverkusen។
ចំណែកនៅក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់ វិញ Leno ធ្លាប់ឈ្នះពាន FIFA Confederations Cup នៅឆ្នាំ២០១៧ និងធ្លាប់ឈ្នះពាន UEFA European Under-17 Championship ឆ្នាំ២០០៩៕
