ក្រុម​បាល់ទាត់ Arsenal នៅ​រដូវកាល​ឆ្នាំ​២០២១-២២ នេះ​ហាក់​ដុនដាប​​ជាង​រដូវកាល​កន្លង​ទៅ នៅ​ក្នុង​លីគ​កំពូល​ប្រទេស​អង់គ្លេស English Premier League ដោយ​ឈរ​ចំណាត់​ថ្នាក់​លេខ​៩បណ្តោះអាស្ន​និង​​បរាជ័យ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ Europa Leagueដោយ​ថ្វី​ជើង​ក្រុម Villarreal ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ក្រុម Mikel Arteta។

ទោះជា​មាន​សភាព​ដុនដាប​បែប​ណា​ក៏​ដោយ ក៏​អ្នកចាំទី Bernd Leno អះអាង​ថា​មាន​«ស្ថានភាព​ក្នុង​ក្លិប​គឺ​ល្អ​ប្រសើរ»។ យ៉ាងណាក្តី​​តាម​ពាក្យ​ចចាមអារ៉ាម​ លេច​លឺ​ថា​អ្នកចាំទី​ជនជាតិ​អាល្លឺម៉ង់ រូប​នេះ​ស្ថិត​នៅ​ក្នុង​បញ្ជី​កីឡាករ​ដែល​ចង់​ចាកចេញ​ពី​ក្លិប រួម​ជាមួយ​ខ្សែ​ការពារ Hector Bellerinនិង​ខ្សែ​បម្រើ Granit Xhaka ជាដើម។

​​​យោង​តាម​សារព័ត៌មាន eurosport បញ្ជាក់​​ថា៖«​គ្មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ និយាយ​ថា​ចង់​ចាកចេញ​ពី​ក្លិប​ (Arsenal) ឬ និយាយ​ថា​ខ្ញុំ​មិន​សប្បាយ​ចិត្ត​នៅ​ទីនេះ​នោះ​ទេ។ យើង​មាន​ស្ថានភាព​ល្អ​​ជុំ​គ្នា តែ​ច្បាស់​ណាស់​ថា​​រដូវកាល​នេះ​​វា​ជា​ពេល​ដ៏​ពិបាក​ ប៉ុន្តែ​​ទាំង​នេះ​ជា​ផ្នែក​មួយ​នៃ​បាល់ទាត់»។ កីឡាករ Bernd Leno បន្ថែម។

អត្ថបទពាក់ព័ន្ធ៖មាន​អ្នក​ចង់​សាង​យក​ក្រុម Arsenal ក្រោយ​អ្នក​គាំទ្រ​បាតុកម្ម​ដេញ​ប្រធាន​ក្លិប​ចេញ

សមាជិក​ជម្រើស​ជាតិ​អាល្លឺម៉ង់ រូប​នេះ​​បញ្ជាក់​ថា៖«ខ្ញុំ​រីករាយ​ក្នុង​ជីវិត​ការងារ​នៅ​ Arsenal ហើយ Arsenal នៅ​តែ​ជា​ក្រុម​ធំ កេរ្តិ៍​ឈ្មោះ​​ល្បី​ទាំង​នៅ​ក្នុង​ពិភពលោក​និង​អង់គ្លេស។ វាមិន​ល្អ​ទេ ដែល​អាណិត​ខ្លួន​ឯង តែ​យើង​ត្រូវ​ឆ្ពោះ​ទៅ​មុខ និង​​ផ្លាស់​ប្តូរ​ក្នុង​​គំនិត​វិជ្ជមាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ»។

កីឡាករ Bernd Leno បាន​ចូលរួម Arsenal កាល​ពី​ឆ្នាំ​២០១៨ ហើយ​កិច្ចសន្យា​របស់​គេ​នឹង​ផុត​នៅ​ឆ្នាំ​២០២៣​ខាង​មុខ។ រូប​គេ​​​មាន​កម្ពស់​១.៩០ម៉ែត្រ ជា​យុវជន​ថ្នាល​នៅ​ក្លិប​ SV Germania Bietigheim និង​ក្លិប VfB Stuttgart នៅ​ស្រុក​កំណើត ខណៈ​នៅ​ឆ្នាំ​២០០៩ កីឡាករ​រូប​នេះ​បាន​ចុះ​កិច្ចសន្យា​អាជីព​នៅ​ក្លិប VfB Stuttgart II និង​ដល់​ឆ្នាំ​២០១១ បាន​ផ្ទេរ​ទៅ​កាន់​ក្លិប Bayer Leverkusen។

ចំណែក​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ វិញ Leno ធ្លាប់​ឈ្នះ​ពាន FIFA Confederations Cup នៅ​ឆ្នាំ​២០១៧ និង​ធ្លាប់​ឈ្នះ​ពាន UEFA European Under-17 Championship ឆ្នាំ​២០០៩៕

Share.