ស្ទើរមិនគួរឲ្យជឿ បុរសម្នាក់បានដុតផ្ទះ សម្លាប់ប្រពន្ធ និងកូនចំនួន៤នាក់ ដែលមនុស្សស្លាប់ក្នុងភ្នក់ភ្លើងសរុប៥នាក់ ដែលកើតចេញពីអំពើហិង្សាក្នុងគ្រួសារ។ ហេតុការណ៍កើតឡើងនេះ នៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗនេះ។ តើអំពើហិង្សានេះ ប្រឈមការចោទប្រកាន់ពីបទអ្វី និងការទទួលទោសដូចម្ដេច?

ដើម្បីចែករំលែកជុំវិញបញ្ហានេះ សារព័ត៌មានត្រយង ចែករំលែកអំពីផ្លូវច្បាប់មួយចំនួនដែលអាចមានស្ថានទម្ងន់ទោសលើជនដៃដល់ខាងលើ។ អំពើមនុស្សឃាតខាងលើអាចប្រឈមនឹងការចោទប្រកាន់ពី “ឃាតកម្ម” មាត្រា១៩៩ នៃក្រមហ្មទណ្ឌ, មាត្រា២០០ បទឃាតកម្មទុកជាមុន ឬមាត្រា២០៥ បទឃាតកម្មប្រព្រឹត្តិដោយមានទារុណកម្ម អំពើឃោរឃៅ…ជាដើម។ យ៉ាងណាមិញ យើងនៅមិនទាន់ដឹងថាអង្គហេតុឈានដល់ដំណាក់កាលណានោះទេ គ្រាន់តែយើងអាចចែករំលែកនូវអំពើល្មើសជាដំណាក់ៗ​ សម្រាប់ពិចារណា។ 

  • ទី១. ប្រសិនបើជាករណីអំពើហិង្សាក្នុងគ្រួសារមួយដែលកើតឡើងដោយមានជេរ វាយ តប់ ហើយឈានដល់ការយកដែកកេះ សាំង ដុតផ្ទះក្នុងបំណងសម្លាប់​ រួចរត់ចេញក្រៅ​ និងមិនស្រែកហៅអ្នកជិតខាងជួយ នោះអាចចូលជាធាតុផ្សំនៃបទល្មើស ឃាតកម្ម​ តាមមាត្រា១៩៩ នៃក្រហមព្រហ្មទណ្ឌ។ បទឃាតកម្ម គឺជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ…។ បទឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ។
  • ទី២. ប្រសិនបើអំពើហិង្សាក្នុងគ្រួសារដែលកើតមានការជេរប្រមាថ វាយតប់គ្នា នៅក្នុងគ្រួសារ ហើយបានបញ្ចប់មួយរយៈពេល (ផ្អាកឈ្លោះ ១ម៉ោងទៅ២ម៉ោង អាចលើសនេះជាដើម) ក្រោយមកភាគីស្វាមី គិតឃេីញ​ ឬសម្រេចចិត្តថាសម្លាប់ទាំងម៉ែទាំងកូន​ ហេីយក៏បានរៀបចំផែនការសម្លាប់ប្រពន្ធ កូន ដូចជាយកដែកកេះ សាំង ដុតផ្ទះសម្លាប់ប្រពន្ធ កូន រហូតដល់ឆេះស្លាប់​ នោះចូលមាត្រា២០០ បទឃាតកម្មដោយគិតទុកជាមុន។  ឃាតកម្មដោយគិតទុកជាមុន គឺអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្នាក់…។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើរូបបុគ្គល នៃជនរងគ្រោះ។ ការពួនស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្ត អំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្មដោយគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ 
  • ទី៣. ប្រសិនបើអំពើហិង្សាសម្លាប់ប្រពន្ធក្ដី និងកូនទាំង៤នាក់ក្ដី ហើយការសម្លាប់ដោយការដុតសម្លាប់ ត្រូវបានគេចាត់ទុកជាអំពើឃោរឃៅព្រៃផ្សៃ​ នោះអាចចូលមាត្រា ២០៥ គឺបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ។ បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ គឺជាឃាតកម្មដែលកើតក្នុងពេល ឬក្រោយពេលប្រព្រឹត្តិអំពើទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មយយជីវិត។

ទោះបីជាយ៉ាងណា សារព័ត៌មានត្រយង លើកឡើងនូវបទល្មើសខាងលើ គ្រាន់តែចែករំលែកនូវទស្សនទានអំពីច្បាប់ ប៉ុន្ដែក្នុងសំណុំរឿងបុរសជាប្ដី ដុតសម្លាប់ប្រពន្ធ និងកូន សរុបមានគ្នា៥នាក់ខាងលើ អាស្រ័យលើតុលាការធ្វើការចោទប្រកាន់ ដោយផ្អែកតាមអង្គហេតុ និងអង្គច្បាប់។

គួររំលឹកថា កាលពីវេលាម៉ោង៨ និង៤០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ មានករណីអគ្គីភ័យឆេះផ្ទះមួយខ្នង នៅត្រង់ចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យផ្ទះ១ខ្នង មានទំហំ ៧ម៉ែត្រ គុណនឹង ១២ម៉ែត្រ សង់ពីដែកបាំង និងប្រក់ស័ង្កសីឆេះ ខ្ទេចទាំងស្រុង។ 

ចំពោះហេតុការណ៍ដែលបានកើតឡើងខាងលើនេះ គឺមានតែបុរសម្នាក់ ឈ្មោះ នន់ សារ៉េត ដែលត្រូវជាប្តី និងឪពុកប៉ុណ្ណោះ នៅមានជីវិត។ រីឯកូន៤នាក់ និងប្រពន្ឋ ដែលសរុបទាំងអស់ ចំនួន៥នាក់ បានស្លាប់ក្នុងភ្លើងទាំងអស់។

ក្រោយពីហេតុការណ៍កើតឡើង ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អង្គភាពការពារកុមារ (CPU) និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ បានសហការរួមគ្នា ធ្វើការស្រាវជ្រាវជាបន្ទាន់។ បន្ទាប់ពីមានការស្រាវជ្រាវ បានសង្ស័យថា ករណីនេះ ជាករណីឃាតកម្ម ដែលបង្ករឡើងដោយ បុរស នន់ សារ៉េត អាយុ៤១ឆ្នាំ ត្រូវជាប្តី និងឪពុករបស់ជនរងគ្រោះទាំង៥នាក់។ បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីបន្តនិតិវិធីស្រាវជ្រាវ៕

រូបភាព៖ ហ្វេសបុក

Share.