ពោធិ៍សាត់៖ ជនសង្ស័យជាឪពុកក្មេកត្រូវបាននគរបាលស្រុកតាលោសែនជ័យ ឃាត់ខ្លួនបន្ទាប់ពីសមគំនិតគ្នាជាមួយកូនប្រសារជានគរបាលក្លែងក្លាយពាក់ស័ក្ដ៥ ធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋចំនួន 4 នាក់អស់ទឹកប្រាក់ចំនួន 2 ម៉ឺនពីរពាន់បីរយដុល្លារ ជាថ្នូរនឹងការរើសពលករទៅធ្វើការនៅប្រទេសជប៉ុន។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ2022។

លោក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ ប្រាប់ឲ្យដឹងថា ជនសង្ស័យជាឪពុកក្មេកឈ្មោះ អឹម សំអុល អាយុ 57 ឆ្នាំ និងកូនប្រសាក្លែងជាមន្ត្រីនគរបាលពាក់ស័ក្ដ៥ ឈ្មោះ យ៉ុង ចាន់រ៉ា ភេទប្រុសអាយុ 43 ឆ្នាំ ទាំងពីរនាក់រស់នៅជាមួយគ្នាក្នុងភូមិបោសគរ ឃុំតាលោ ស្រុកតាលោសែនជ័យ។ 

លោកអធិការនគរបាលស្រុកតាលោសែនជ័យ បានបញ្ជាក់ឲ្យដឹងថា តាមចម្លើយសារភាពរបស់ឪពុកក្មេក គឺកូនប្រសារដែលជានគរបាលពាក់ស័ក្ដប្រាំនោះ គឺបានជាប់ពន្ធនាគារនៅខេត្តក្រចេះ ក្នុងករណីឆបោកដូចគ្នានេះដែរ។

លោកបានបញ្ជាក់ផងដែរថា ការចាប់ខ្លួនជនសង្ស័យខាងលើធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋចំនួន 4 នាក់បានប្ដឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ដោយសារតែឪពុកក្មេក និងកូនប្រសារទាំងពីរនាក់និយាយឃោសនាបំផុសបំផុលធ្វើឲ្យពួកគាត់ទុកចិត្តដោយអះអាងថា មានក្រុមហ៊ុនគេត្រូវការើសពលករទៅធ្វើការនៅប្រទេសជប៉ុន ដោយទទួលប្រាក់ខែថ្លៃ ដោយសារតែការជឿជាក់ពួកគាត់បានប្រគល់ប្រាក់ឱ្យជនសង្ស័យទាំង 2 នាក់ខាងលើក្នុងម្នាក់ 3800$ ទៅ 5500 ដុល្លារជាថ្លៃសំបុត្រយន្តហោះនឹងធ្វើប៉ាស្ព័រប៉ុន្តែអ្វីៗត្រូវរលាយទាំងអស់ប្រាក់ក៏បង់ថង់ក៏ដាចអញ្ចឹងហើយទើបរត់មកប្ដឹងសមត្ថកិច្ចឲ្យជួយចាប់ខ្លួន ដើម្បីទាមទារប្រាក់របស់គាត់យកមកវិញ និងសុំឱ្យសមត្ថកិច្ចផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

ចំពោះជនសង្ស័យបានបំពេញសំសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តពោធិ៍សាត់រួចរាល់ហើយ៕

Share.