បណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាក្នុងពូលមួយចំនួនជាមួយកម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិបាល់ទាត់បុរសរបស់ខ្លួនរួចរាល់ហើយ ដើម្បីប្រកួតដែលនៅសេសលស់ក្នុងពូលនីមួយៗប្រចាំវគ្គជម្រុះជុំទី២នៃពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន 2023 AFC Asian Cup ក្នុងចន្លោះចុងខែឧសភា និងខែមិថុនា ខាងមុខ។
ចំណែកក្រុមបាល់ទាត់បុរសជម្រើសជាតិកម្ពុជា នៅមិនទាន់បានបង្ហាញបញ្ជីឈ្មោះផ្លូវការដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅឡើយនោះទេ ស្របពេលដែលនេះជាបេសកកម្មលើកដំបូងរបស់លោក Ryu Hirose គ្រូបង្វឹកជនជាតិជប៉ុន ចូលខ្លួនជំនួសលោក Félix Dalmás ដៃស្ដាំចាស់របស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda។

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះសម្រង់សម្តីលោក Ryu Hirose ជុំវិញការជ្រើសរើសកីឡាករដាក់ចូលបញ្ជីរបស់លោក បើទោះជាលីគក្នុងស្រុកត្រូវផ្អាករយៈពេលវែងដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ បុរសវ័យ៦៥ឆ្នាំកាន់អាជ្ញាប័ណ្ណបាល់ទាត់កម្រិតS-Class License រូបនេះលើកឡើងថា៖«វាជាការលំបាកណាស់ក្នុងការជ្រើសរើសកីឡាករក្នុងស្ថានភាពនេះ ដោយសារតែការប្រកួតលីគកំពូលកម្ពុជា ត្រូវបានពន្យារពេល និងផ្លាស់ប្តូរ ដែលធ្វើឱ្យមានការលំបាកក្នុងការសម្រេចចិត្តជ្រើសរើសកីឡាករ»។
លោកបន្តថា៖«ពួកយើងបានទស្សនាការប្រកួតមួយចំនួនរួចមក យើងបានកត់សម្គាល់ឃើញថាការបង្ហាញខ្លួនរបស់កីឡាករនៅមិនទាន់ល្អនៅឡើយទេ ប៉ុន្តែយើងសម្រេចចិត្តជ្រើសរើសកីឡាករផ្អែកលើសមិទ្ធផលដែលពួកគេសម្រេចបានកន្លងមកដល់ពេលបច្ចុប្បន្ននិងជាកីឡាករដែលមានសក្ដានុពលខ្ពស់សម្រាប់ពេលអនាគត។ ពួកយើងមានភាពជឿជាក់លើកីឡាករដែលពួកយើងបានជ្រើសរើស»។

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ ពូល C កម្ពុជា,អ៊ីរ៉ាក់,អ៊ីរ៉ង់,បារ៉ែននិងហុងកុង នឹងប្រកួតនៅប្រទេសបារ៉ែន
«ខ្ញុំចង់ឱ្យកីឡាករយើង ខិតខំប្រឹងប្រែង និងប្រកួតប្រជែងឱ្យខ្លាំងទៅតាមលទ្ធភាពដែលពួកគេអាចធ្វើបាន និងជាពិសេសកីឡាករវ័យក្មេងដើម្បីនាំយកបទពិសោធន៍និងទំនុកចិត្តត្រឡប់មកវិញ ដោយរំពឹងថានឹងមានការរីកចម្រើនបន្ថែមទៀតនៅពេលអនាគត»។ លោក Ryu Hirose បន្ថែម។
ក្រុមបាល់ទាត់ជម្រើសជាតិបុរសកម្ពុជា ស្ថិតនៅក្នុងពូល C ជាមួយក្រុមអ៊ីរ៉ាក់ អ៊ីរ៉ង់ បារ៉ែន និងហុងកុង ខណៈប្រកួតដែលនៅសេសសល់ក្នុងពូលនេះ នឹងធ្វើឡើងនៅទីក្រុង Riffa ប្រទេសបារ៉ែន។ តាមផែនការកម្ពុជា ត្រូវជួបម្ចាស់ផ្ទះប៉ារែន នៅថ្ងៃទី៣ ខែមិថុនា និងបន្តជួបក្រុមអ៊ីរ៉ាក់ នៅថ្ងៃទី៧ ខែមិថុនា និងចុងក្រោយប្រកួតបិទពូលជាមួយអ៊ីរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១៕
