​​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក៏​ដូចជា​ក្នុង​ពូល​មួយ​ចំនួន​ជាមួយ​កម្ពុជា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិបាល់ទាត់​បុរស​របស់​ខ្លួន​រួចរាល់​ហើយ ដើម្បី​ប្រកួត​​ដែល​នៅ​សេសលស់​ក្នុង​ពូល​នីមួយៗ​ប្រចាំ​វគ្គ​ជម្រុះ​ជុំទី២​នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន 2023 AFC Asian Cup ក្នុង​​ចន្លោះ​ចុងខែ​ឧសភា និង​ខែ​មិថុនា ខាង​មុខ។

ចំណែក​ក្រុម​បាល់ទាត់​​បុរស​ជម្រើស​ជាតិ​កម្ពុជា នៅ​មិន​ទាន់​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​ផ្លូវការ​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នៅ​ឡើយ​នោះ​ទេ ស្រប​ពេល​ដែល​នេះ​ជា​បេសកកម្ម​លើក​ដំបូង​របស់​លោក Ryu Hirose គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន ចូល​ខ្លួន​ជំនួស​លោក Félix Dalmás ដៃ​ស្ដាំ​ចាស់​របស់​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា Keisuke Honda។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ នេះ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បង្ហោះ​សម្រង់​សម្តី​លោក Ryu Hirose ជុំ​វិញ​ការ​ជ្រើសរើស​កីឡាករ​​ដាក់​ចូល​បញ្ជី​របស់​លោក បើទោះ​ជា​លីគ​ក្នុង​ស្រុក​ត្រូវ​ផ្អាក​រយៈពេល​វែង​ដោយ​សារ​ការ​ឆ្លងរីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។ បុរស​វ័យ​៦៥ឆ្នាំ​កាន់​អាជ្ញាប័ណ្ណ​បាល់ទាត់​កម្រិត​S-Class License រូប​នេះ​លើក​ឡើង​ថា៖«វា​ជា​ការ​លំបាក​ណាស់​ក្នុង​ការ​ជ្រើសរើស​កីឡាករ​ក្នុង​ស្ថានភាព​នេះ ដោយសារ​តែ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ត្រូវ​បាន​ពន្យារពេល និង​ផ្លាស់ប្តូរ ដែល​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​កីឡាករ»។

លោក​បន្ត​ថា៖«ពួក​យើង​បាន​ទស្សនា​ការ​ប្រកួត​មួយ​ចំនួន​រួច​មក​ យើង​បាន​កត់សម្គាល់​ឃើញ​ថា​ការ​បង្ហាញ​ខ្លួន​របស់​កីឡាករ​នៅ​មិន​ទាន់​ល្អ​នៅ​ឡើយ​ទេ ប៉ុន្តែ​យើង​សម្រេច​ចិត្ត​ជ្រើសរើស​កីឡាករ​ផ្អែក​លើ​សមិទ្ធផល​ដែល​ពួក​គេ​សម្រេច​បាន​កន្លង​មក​ដល់​ពេល​បច្ចុប្បន្ន​និង​ជា​កីឡាករ​ដែល​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ពេល​អនាគត។ ពួក​យើង​មាន​ភាព​ជឿជាក់​លើ​កីឡាករ​ដែល​ពួក​យើង​បាន​ជ្រើសរើស»។

លោក Ryu Hirose ពាក់ម៉ាស់ពណ៌ខ្មៅ​អង្គុយ​កណ្ដាលគេ នៅក្នុង​បន្ទប់កញ្ចក់

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ ពូល C កម្ពុជា,​អ៊ីរ៉ាក់,​អ៊ីរ៉ង់,​បារ៉ែន​​​និង​​ហុងកុង នឹង​​​ប្រកួត​នៅ​ប្រទេស​បារ៉ែន

«ខ្ញុំ​ចង់​ឱ្យ​កីឡាករ​យើង ខិតខំ​ប្រឹងប្រែង និង​ប្រកួត​ប្រជែង​ឱ្យ​ខ្លាំង​ទៅ​តាម​លទ្ធភាព​ដែល​ពួក​គេ​អាច​ធ្វើ​បាន និង​ជា​ពិសេស​កីឡាករ​វ័យក្មេង​ដើម្បី​នាំ​យក​បទពិសោធន៍​និង​ទំនុកចិត្ត​ត្រឡប់​មក​វិញ ដោយ​រំពឹង​ថា​នឹង​មាន​ការ​រីកចម្រើន​បន្ថែម​ទៀត​​នៅ​ពេល​អនាគត»។ លោក Ryu Hirose បន្ថែម។

ក្រុម​បាល់ទាត់​ជម្រើសជាតិ​បុរស​កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល C ជាមួយ​ក្រុម​អ៊ីរ៉ាក់ អ៊ីរ៉ង់ បារ៉ែន និង​ហុងកុង ខណៈ​ប្រកួត​ដែល​នៅ​សេសសល់​ក្នុង​ពូល​នេះ នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ Riffa ប្រទេស​បារ៉ែន។ តាម​ផែនការ​កម្ពុជា ត្រូវ​ជួប​ម្ចាស់​ផ្ទះ​ប៉ារែន នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា និង​បន្ត​ជួប​ក្រុម​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា និង​ចុងក្រោយ​ប្រកួត​បិទពូល​ជាមួយ​អ៊ីរ៉ង់ នៅ​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ២០២១៕

Share.