ក្រោយមានការស្នើសុំពីក្រុមមធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោដឹកនាំដោយលោក គី តិច ឱ្យមានការដោះលែង មាន ពេជ្ររីតាឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ទីបំផុតពិធីការិនីវ័យក្មេងរបស់ប៉ុស្ដិ៍ MYTV ដែលជាអតីតបេក្ខនារី Miss Grand Cambodia ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងហើយ។

កញ្ញា យ៊ូបី ឈ្មោះហៅក្នុងសិល្បៈត្រូវបានតុលាការឃុំខ្លួនជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១១ ក្រោមបទចោទប្រកាន់ «លួចមានស្ថានទម្ងន់ទោស» បន្ទាប់ពីមានការដាក់ពាក្យប្ដឹងដោយលោកឧកញ៉ា ហេង សៀកាលពីថ្ងៃតី១០ខែឧសភាកន្លងមក។
ទន្ទឹមនឹងមានការចាប់ខ្លួនរបស់ពិធីការិនីរូបនេះជាបណ្ដោះអាសន្នក្រោមបទចោទប្រកាន់ខាងលើ ភាគីកញ្ញាយូប៊ីក៏បានដាក់ពាក្យប្ដឹងបកទៅលោកឧកញ៉ា ហេង សៀ វិញពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត» ផងដែរ។
ក្រោយផ្ទុះរឿងចាប់ខ្លួននិងការប្ដឹងបករបស់តារាស្រីវ័យក្មេងរូបនេះ ធ្វើឱ្យមានចលនាទាមទារឱ្យមានការដោះលែងនិងស្វែងរកយុត្តិធម៌ជូនកញ្ញា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកពីសំណាក់តារាល្បីៗក៏ដូចជាសិល្បករ សិល្បការិនី និង សាធារណជនទូទៅយ៉ាងផុសផុល។
គួរដឹងដែរថាពាក្យបណ្ដឹងប្ដឹងបករបស់កញ្ញា យូប៊ី ទៅកាន់លោកឧកញ៉ា ហេង សៀ មានចំនួន៣ចំណុចគឺ៖
១៖ ប្តឹងឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់
២៖ ទាមទារសំណងជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារ
៣៖ ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ៕

សូមអានដីកាបង្គាប់ឱ្យដោះលែងកញ្ញា មាន ពេជ្ររីតា ខាងក្រោមនេះ៖


