អ្នកគាំទ្រ និង អ្នកជឿជាក់លើយូប៊ី ថានាងជាមនុស្សស្អាតស្អំចំពោះបទចោទប្រកាន់ «លួចមានស្ថានទម្ងន់ទោស» ពីសំណាក់លោក ឧកញ៉ា ហេង សៀ កំពុងតែរីករាយនិងចូលរួមអបអរសាទរចំពោះសេរីភាពរបស់កញ្ញា។ ប៉ុន្តែតើអ្នកទាំងអស់គ្នាមានដឹងទេថា ពិធីការិនីរូបនេះ នៅមិនទាន់មានសេរីភាពទាំងស្រុងនោះ។

ជាការពិតណាស់យូប៊ី ត្រូវបានចៅក្រមស៊ើបសួរសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែត្រូវលោកចៅក្រម កូយ សៅ បន្តដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

តាមមាត្រា២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចៅក្រមស៊ើបអង្កេតអាចដាក់ជនត្រូវចោទ (មាន ពេជ្ររីតា ហៅយូប៊ី) ឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបានគ្រប់ពេលវេលា ប្រសិនបើជនត្រូវចោទនេះត្រូវបានចោទប្រកាន់អំពីបទល្មើស ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ។ ការត្រួតពិនិត្យតាមផ្លូវតុលាការនេះ មានអានុភាពបង្គាប់ជនត្រូវចោទ (យូប៊ី) ដែលនៅក្រៅឃុំឱ្យគោរពកាតព្វកិច្ចមួយ ឬច្រើន ក្នុងចំណោម១២ចំណុចខាងក្រោម៖
១. មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីកំណត់ដោយចៅក្រមស៊ើបសួរ។
២. មិនត្រូវផ្លាស់ប្ដូរលំនៅឋាន ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ។
៣. មិនត្រូវទៅកាន់ទីកន្លែងខ្លះដែលកំណត់ដោយចៅក្រមស៊ើបសួរ។
៤. ត្រូវបង្ហាញខ្លួនតាមការកំណត់នៅអង្គភាពនគរបាល ឬកងរាជអាវុធហត្ថ ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ។
៥. ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ។
៦. ត្រូវប្រគល់ជូនដល់ការិយាល័យក្រឡាបញ្ជីគ្រប់ឯកសារបញ្ជាក់អំពីអត្តសញ្ញាណ។
៧. មិនត្រូវបើកបររថយន្ត។
៨. មិនត្រូវទទួល ឬជួបបុគ្គលមួយចំនួន ដែលចង្អុលបង្ហាញដោយចៅក្រមស៊ើបសួរ។
៩. ដាក់ប្រាក់ធានាដែលចំនួនប្រាក់ធានា និងថិរវេលាបង់ប្រាក់នេះ ត្រូវបានកំណត់ដោយចៅក្រមស៊ើបសួរ ដោយផ្អែកទៅលើធនធានរបស់ជនត្រូវចោទ (យូប៊ី)។
១០. មិនត្រូវកាន់កាប់ ឬយកតាមខ្លួននូវអាវុធ។ ត្រូវប្រគល់ជូនដល់ការិយាល័យក្រឡាបញ្ជីនូវអាវុធដែលជនត្រូវចោទកាន់កាប់។
១១. ត្រូវប្រគល់ខ្លួនឱ្យពេទ្យពិនិត្យព្យាបាល និងជាយថាហេតុ ដាក់ឱ្យស្ថិតនៅក្រោមរបបព្យាបាលរោគក្នុងមន្ទីរពេទ្យ។
១២. មិនត្រូវធ្វើសកម្មភាពខាងវិជ្ជាជីវៈខ្លះ។
