ភាពយន្ដខ្លីរបស់កម្ពុជាដ៏មានគុណភាពមួយមានចំណងជើងថា «សំឡេងរាត្រី» ដែលជាស្នាដៃរបស់សហសមិទ្ធិករ លោក សុខ ចាន់រ៉ាដូ និងលោក វ៉ាន់ គង្គារ កំពុងតែត្រៀមបង្ហាញខ្លួននៅក្នុងមហោស្រពភាពយន្ដអន្ដរជាតិ Santa Barbara International Film Festival នៅទឹកដីសហរដ្ឋអាមេរិក។

«សំឡេងរាត្រី» ជាភាពយន្ដខ្លីដែលរម្លឹកពីអតីតកាលនៃការចងចាំជាង២០ឆ្នាំមុនរបស់លោក សុខ ចាន់រ៉ាដូ ដែលលោកជាអតីតក្មេងប្រុសរស់នៅក្នុងអគារប៊ូឌីង។ លោកធ្លាប់បានឱ្យដឹងពីការផលិតភាពយន្ដខ្លីនេះថា នៅវ័យកុមារភាពលោកតែងតែឮសំឡេងលក់គុយទាវ គោះឮតុកៗៗ ពេញអាគារប៊ូឌីង ហើយលោកក៏ជាអតិថនម្នាក់ដែលទិញគុយសឹងតែរាល់ថ្ងៃផងដែរ។ លោកបានសម្លឹងឃើញថា បើទោះបីជាទីក្រុងមានភាពអភិវឌ្ឍន៍ទៅមុនរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ ក៏លោកយល់ឃើញថា នាពេលយប់ ទីក្រុងគឺមិនស្ងាត់នេះទេ តែងតែមានសំឡេងជាច្រើនបានបន្លឺឡើងដូចជា សំឡេងរថយន្ដ សំឡេងមនុស្ស សំឡេងម៉ូតូ ជាដើម។ ហើយលោកយល់ឃើញថា នៅក្នុងសំឡេងនោះគឺមានសិល្បៈម៉្យាងដែលោកស្រម៉ៃចង់ឱ្យវាក្លាយជាខ្សែភាពយន្ដ។

សុខ ចាន់រ៉ាដូ

ចុះហេតុអ្វីភាពយន្ដខ្លីមួយនេះមានផលិករដល់ទៅ២នាក់? លោក វ៉ាន់ គង្គារ ក៏យល់ឃើញថា ដំណើរសាច់រឿងគឺល្អខ្លាំងមែន មានភាពច្នៃប្រតិដ្ឋខ្ពស់ ទើបបានជាអន្ទងចិត្តឱ្យលោកចង់ចូលរួមផ្ដិតយករូបភាពល្អៗបង្កើតជាភាពយន្ដខ្លីមួយនេះ។ យ៉ាងណាមិញ លោក វ៉ាន់ គង្គារ ក៏បានសរសេរសារបង្ហោះនៅលើហ្វេសប៊ុករបស់លោកឱ្យដឹងថា ថ្មីៗនេះភាពយន្ដខ្លី «សំឡេងរាត្រី» ត្រូវបានគណៈកម្មការរៀបចំមហោស្រពភាពយន្ដអន្ដរជាតិ Santa Barbara International Film Festival បានជ្រើសរើសឱ្យចូលប្រកួតសម្រាប់ភាពយន្ដខ្លីដ៏ល្អបំផុតនៅលើសហរដ្ឋអាមេរិក។

លោក វ៉ាន់ គង្គារ

ជាមួយគ្នានេះដែរ ភាពយន្ដខ្លី «សំឡេងរាត្រី» ក៏ធ្លាប់បាន​ជ្រើសរើស​សម្រាប់​មហោស្រព​ភាពយន្ត​Locarno ទី​៧៤ នៅប្រទេស​ស្វ៊ីស នាខែ​សីហា ឆ្នាំ ២០២១។ ភាពយន្ដនេះមានការជួយជ្រោមជ្រែងផលិតពីសំណាក់លោក ម៉ឹង រដ្ឋា ជនជាតិខ្មែរនៅប្រទេសបារាំង៕

ទស្សនាវីដេអូខាងក្រោមនេះ៖

Telegram-Troryorng
Share.