ភ្នំពេញ ៖ ស្ត្រីអាជីវករម្នាក់ ខណៈដែលជិះម៉ូតូកង់បី រួមជាមួយប្តី ឆ្ពោះទៅលេងផ្ទះកូន ត្រូវបានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង តាមធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច គេចខ្លួនបាត់ស្រមោល កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ខាងលិចជាប់ភ្លើងស្តុប កែងមហាវិថីឈ្នះ ឈ្នះ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះ ឈ្មោះ អ៊ីម សុភ័ណ្ឌ អាយុ៤១ឆ្នាំ មុខរបរ អាជីវករ មានប្តីជារត់ម៉ូតូកង់បី ស្នាក់នៅ ផ្ទះជួលភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើត ភូមិត្នោត ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ សម្ភារៈ លុយកាក់ គ្រឿងអលង្ការ បាត់បង់ លុយ ដុល្លារចំនួន១៨០០ដុល្លា លុយខ្មែរ ជាង៣លាន រៀល ខ្សែដៃមាស៥ជី ខ្សែក ក្រវិល អត្តសញ្ញាប័ណ្ណ កាតគ្រីម៉ូតូ និងឯកសារមួយចំនួនទៀត សរុបជាង៣ពាន់ដុល្លារ ។

បើតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់២នាក់ប្តីប្រពន្ធ ធ្វើដំណើរ តាមម៉ូតូកង់បីផ្ទាល់ខ្លួន ដោយប្តីជាអ្នកបើក ធ្វើដំណើរឆ្ពោះទៅលេងផ្ទះកូននៅ ផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជិះតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកស្កុបពីពណ៌ស មួយគ្រឿង មិនចាំស្លាកលេខ តាមពីក្រោយ ធ្វើសកម្មភាពឆក់ទាញយកកាបូប ពីស្រ្តីជាប្រពន្ធ យកបាន សម្រេច ជិះគេចបាត់ស្រមោល ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យឲ្យជួយស្រាវជ្រាវ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.