កំពង់ស្ពឺ ៖ ជនសង្ស័យមួយក្រុមគ្នា៣នាក់ ប្រដាប់ដោយកាំបិតចុងស្រួច ចូលទៅធ្វើ សកម្មភាពចាប់ម្ចាស់ផ្ទះចង ហើយយកកាំបិតភ្ជង់គម្រាម ប្លន់យកលុយអស់ចំនួន ៥២ម៉ឺន រៀល និងម៉ូតូមួយគ្រឿង បានសម្រេចហើយនាំគ្នាគេចខ្លួនបាត់អស់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងភូមិភ្នំកូប ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះ ឈ្មោះ អ៊ំ សឺ ភេទប្រុស អាយុ ៧៥ឆ្នាំ ប្រពន្ធឈ្មោះ សោ វ៉ង់ អាយុ៧៣ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ ។ សម្ភារៈ លុយកាក់បាត់បង់ អស់លុយ ៥២ម៉ឺនរៀល និងម៉ូតូមួយគ្រឿង ។

តាមប្រភពបានឲ្យដឹងថា ខណៈដែលជនរងគ្រោះ២នាក់យាយតា កំពុងសម្រាក ក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យគ្នា៣នាក់ ចូលទៅធ្វើសកម្មភាព ចាប់ជនរងគ្រោះចងភ្ជាប់សរសរផ្ទះ ហើយយកកាំបិតភ្ជង់គំរាម បង្ខំឲ្យជនរងគ្រោះយកលុយឲ្យពួកវា បានចំនួន៥២ម៉ឺនរៀល ហើយក្រុមជនសង្ស័យអូសយកម៉ូតូមួយគ្រឿងទៀត គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះស្រែកឲ្យអ្នកភូមិជួយ ស្រាយចំណង និងរាយការណ៍ប្រាប់ សមត្ថកិច្ច ចុះទៅពិនិត្យ សាកសួរទាំងយប់។

រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់អាចវែកមុខក្រុមជនសង្ស័យឃើញនៅឡើយ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.