(ភ្នំពេញ) – នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សមត្ថកិច្ច​​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមដីការតុលាការ បាន​ចាប់​ខ្លួន​ ឧកញ៉ា ឌួង ងៀប បញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ហើយ​ក្រោយ​មក​បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន​នៅ​ពន្ធ​នាគារ  ។

​ឧកញ៉ា ​ល្បី​ឈ្មោះ​រូប​នេះ​​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ នៅ​ចំណុច​មុខ​សណ្ឋាគារ​ដឹងគ្រី​ ផ្លូវ​ ឌួង ងៀប សង្កាត់​អូរបែក​ក្អម​ រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​នឹង​ករណី ​«ឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» មាន​ទំហំ​ទឹកប្រាក់ប្រមាណ ១០លានដុល្លារ ដែលត្រូវបានប្ដឹង ដោយអ្នកវិនិយោគជនជាតិចិនតៃវ៉ាន់។

ចំពោះ​ការ​ចាប់​ខ្លួន​ឧកញ៉ា​រូប​នេះ​បាន​ធ្វើ​ឡើងក្រោយ​ពី​លោក​បាន​បង្ហោះ​ឃ្លីបវីដេអូ​មួយ​ ដោយ​​បាន​ចោទ​ប្រកាន់​សាលាដំបូង​រាជ​ធានី​​ភ្នំពេញ​ ថា​បាន​ចាត់​ការ​សំណុំ​រឿង​របស់​គាត់​ ប្រែ​ពី​សទៅ​ជា​ខ្មៅ​ និង​ចោទ​ប្រកាន់​រូប​គាត់​ថា​បាន​ឆបោក​ជនជាតិ​ចិន​តៃវ៉ាន់​។​

ក្នុង​ដំណាក់​កាល​ស៊ើបសួរ​ ចៅក្រម​ស៊ើបសួរ​បាន​​ពិនិត្យ​​ផ្ទៀងផ្ទាត់​ភស្តុតាង​ និង​សួរ​​ចម្លើយ​ជនត្រូវ​ចោទ​ឈ្មោះ​ ឌួង ងៀប​ ហើយ​បាន​សម្រេច​ចិត្ត​មិន​​ឃុំ​ខ្លួន​​ ជនត្រូវចោទ ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឲ្យនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ តាមរយៈដីកាសម្រេចលេខ៤២៩៣ “ម” ដ.ព.ស ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ តម្រូវ ឲ្យដាក់ប្រាក់ធានាមិនឃុំខ្លួននេះ ចំនួន ៥.៣០៥,០០០$ មកតម្កល់នៅក្នុងគណនីរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងរយៈពេល១ខែ តែ​បុគ្គល​នេះ​ពុំបានយកប្រាក់ធានាខ្លួន មកតម្កល់តាមការកំណត់ក្នុងដីកាសម្រេចនោះឡើយ។ អាស្រ័យ​ ដោយ ជនត្រូវចោទឈ្មោះ ឌួង ងៀប បានគេចវេះពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរក៏បានចាត់វិធានការបន្តតាមនីតិវិធី ស្របតាមបញ្ញត្តិមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ចំពោះករណីនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានប្រកាសបន្តអនុវត្តតាមនីតិវិធីជាធរមាន ដោយមិនអនុញ្ញាតឲ្យជនត្រូវចោទឈ្មោះ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ។

Telegram-Troryorng
Share.